(រតនគិរី)៖ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាខេត្តរតនគិរី បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ ក្រោមអធិបតីភាពលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្ត ដើម្បីពិនិត្យពិភាក្សា កែលម្អរបាយការណ៍ប្រចាំខែ ពិនិត្យលទ្ធផលការងារ ដែលបានអនុវត្តន៍កន្លងមកដែលមានរបៀបវារៈ នៃកិច្ចប្រជុំដូចខាងក្រោម៖
*ពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាខេត្ដ
*សេចក្តីថ្លែងហេតុរបស់អភិបាលខេត្ត ស្តីពីការពិនិត្យពិភាក្សា និងសុំអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត ពិនិត្យពិភាក្សា និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែឧសភា និងលើកទិសដៅ ប្រចាំខែមិថុនា ឆ្នាំ ២០២២របស់រដ្ឋបាលខេត្ត។
ក្នុងកិច្ចប្រជុំលោក ញ៉ែម សំអឿន បានសំណូមពរដល់ការិយាល័យលេខាធិការក្រុមប្រឹក្សាខេត្ត ធ្វើយ៉ាងណាឲ្យមានភាពសុក្រិត និងមានអត្ថន័យខ្លឹមសារដូចជាអក្ខរាវិរុទ្ធត្រឹមត្រូវ ប្រសិនបើមិនច្បាស់ត្រង់ចំណុចណាពាក់ព័ន្ធ នឹងអង្គភាពណាមួយ សូមជូនដំណឹងដល់អង្គភាពនោះ ដើម្បីជួយបំភ្លឺឲ្យបានច្បាស់លាស់។ លោកបានសំណូមពរដល់សមាជិកក្រុមប្រឹក្សាខេត្តមេត្តាជួយជំរុញការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យបានរីកចម្រើនជាងនេះបន្តទៀត។
លោកក៏បានថ្លែងការកោតសរសើរ ការអនុវត្តវិន័យ និងការលើកកម្ពស់អនាម័យតាមបណ្ដាក្រុងស្រុក គ្រប់ស្ថាប័នទាំងអស់ និងតាមបណ្ដោដងផ្លូវមានភាពល្អប្រសើរ ទោះបីកន្លងមកនេះស្ថិតក្នុងបរិបទកូវីដ១៩ ក៏ពិតមែន ចំពោះការចាក់វ៉ាក់សាំងដូសជំរុញត្រូវតែមានការជំរុញបន្តទៀតដើម្បីឲ្យស្ថានភាពកាន់តែល្អខ្លាំងឡើង។
តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយ ក្រម សីលធម៌វិជ្ជាជីវៈ ពីសំណាក់លោក, លោកស្រីសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៣៦របស់ ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានពទ្ធផលដូចខាងក្រោម៖
*ទី១៖ បានអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាខេត្ត។
*ទី២៖ បានអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា និងលើកទិសដៅការងារ ប្រចាំខែឧសភាឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។
*ទី៣៖ បានអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តឆ្នាំ២០២២។
*ទី៤៖ បានអនុម័តសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការបែងចែកតួនាទីភារកិច្ចនិងរបៀបរបបការងារជូនគណៈអភិបាលខេត្តរតនគិរី៕