(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះបានជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាឃុំឈើខ្មៅសរុបប្រមាណ១៣៦៨នាក់ នៅស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពីលោកសាស្រ្តាចារ្យមហាបរិញ្ញា ឈាង រ៉ា អនុប្រធានទី៣ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោក លោកស្រី ក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុក ឃុំ ភូមិក្នុងឃុំឈើខ្មៅ គណៈអចិន្ត្រៃយ៍គណបក្សស្រុក និងបេក្ខជនពេញសិទ្ឋិក្រុមប្រឹក្សា ឃុំ អាណត្តិទី៥ ។

ថ្លែងនាឱកាសនោះលោកទេសរដ្ឋមន្ត្រី បានក្រើនរំលឹកដល់សមាជិក សមាជិកាបេក្ខភាពឈរឈ្មោះបោះឆ្នោត ត្រូវអនុវត្តតួនាទីរបស់ខ្លួនឱ្យបានល្អ ដើម្បីបម្រើប្រជាពលរដ្ឋនៅឃុំឈើខ្មៅ និងខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត ក្នុងការផ្តល់សេវា សាធារណ:ដូចជា៖ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព និងសេវាចាំបាច់ផ្សេងៗ ធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានតម្លាភាព ព្រមទាំងការអភិវឌ្ឍក្នុងឃុំឱ្យកាន់តែរីក ចម្រើន តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណ បក្សប្រជាជនកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើសុំឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ចាប់ផ្ដើមពីម៉ោង៧៖០០នាទីព្រឹក រហូតដល់ម៉ោង១៥៖០០នាទីរសៀល ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឃុំឈើខ្មៅ ឋិតក្នុងលំដាប់លេខរៀងទី១ មានរូបទេវតាបាច់ផ្កាជាសម្គាល់ ដោយភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណបណ្ណ អត្ត សញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ពិនិត្យមើលឈ្មោះ និងទិន្នន័យឱ្យបានច្បាស់លាស់ផងដែរ។

គួរកត់សម្គាល់ផងដែរថា៖ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតភ្ជាប់សម្រេចបានក្នុងឃុំឈើខ្មៅ រួមមាន៖ ផ្លូវបេតុង ៨កន្លែងប្រវែង៤,០២៩ម៉ែត្រក្នុងនោះ ១កន្លែងនៅភូមិក្បាលកោះប្រវែង៧៥០ ម៉ែត្រ ១កន្លែងនៅភូមិឈើខ្មៅប្រវែង៧៥០ម៉ែត្រ ១កន្លែងនៅភូមិត្រពាំងជ្រៃប្រវែង៧៥០ម៉ែត្រ ១កន្លែងនៅភូមិ កោះតូចប្រវែង៧៥០ម៉ែត្រ ១កន្លែងនៅភូមិទួលស្វាយប្រវែង៧៥០ម៉ែត្រ ១កន្លែងនៅភូមិត្រើយកោះ ៧៥០ម៉ែត្រ ១កន្លែងនៅភូមិចុងខ្សាច់ប្រវែង៧៥០ម៉ែត្រ ១កន្លែងនៅភូមិចុងកោះប្រវែង ៧៥០ ម៉ែត្រ៕