(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ បានអញ្ជើញសំណេះសំណាលជាមួយភ្នាក់ងារសង្កេតការណ៍របស់គណបក្សប្រជាជនកម្ពុជា ចំនួន៤០៣នាក់ ទាំង៧សង្កាត់ ក្នុងខណ្ឌឫស្សីកែវ។

ពិធីខាងលើត្រូវបានធ្វើឡើង នៅមណ្ឌលម៉ូឌែន៥ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ក៏បាននាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំគណបក្ស ជូនដល់ភ្នាក់ងារសង្កេតការណ៍ទាំង៤០៣នាក់ ផងដែរ។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងថា ក្នុងនាមជាភ្នាក់ងារសង្កេតការណ៍របស់គណបក្ស ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ និងត្រូវខិតខំធ្វើយ៉ាងណាដើម្បីបំពេញកាតព្វកិច្ចឲ្យបានល្អ ក៏ដូចជាត្រូវសង្កេតរាល់សកម្មភាពខុសច្បាប់ គ.ជ.ប. ក្នុងអំឡុងពេលឃោសនា និងបោះឆ្នោត។ លោកសង្កត់ធ្ងន់ថា «បើគណបក្សយើងឈ្នះ យើងឈ្នះទាំងអស់គ្នា តែបើគណបក្សយើងចាញ់ យើងចាញ់ទាំងអស់គ្នា» ដូច្នេះយើងត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីទទួលបានជ័យជំនះ សម្រាប់ការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

លោកបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ភ្នាក់ងារសង្កេតការណ៍របស់គណបក្សដែលបានខិតខំប្រឹងប្រែងកន្លងមក ហើយលោកបណ្ឌិត ក៏បានជំរុញដល់ភ្នាក់ងារសង្កេតការណ៍ទាំងអស់ ឲ្យចូលរួមឲ្យសកម្មបន្ថែមទៀត ក្នុងការបំពេញតួនាទីរបស់ខ្លួន ព្រោះទាំងអស់គ្នា ជាផ្នែកមួយដ៏សំខាន់សម្រាប់គណបក្ស៕