(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីរាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះមន្ត្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា រហូតទទួលបានជោគជ័យ ដែលធ្វើឲ្យជំងឺកូវីដ១៩ ក្នុងរយៈពេល២៦ថ្ងៃនេះ មិននៅកម្ពុជា។ ការថ្លែងរបស់លោក ឃួង ស្រេង ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ការជោគជ័យទៅលើការគ្រប់គ្រងជំងឺកូវីដ១៩ ទៅតាមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺពិតជាមានការចូលរួមចំណែក មិនអាចខ្វះបានពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បើទោះបីមន្ដ្រីមួយចំនួនបានឆ្លងនូវជំងឺកាចសាហាវនេះក៏ដោយ ក៏មិនរុញរាតស៊ូជាមួយសម្តេចតេជោ ហ៊ុន សែន រហូតទទួលបានជោគជ័យ ដែលបានធ្វើឲ្យប្រទេសជាតិវិលទៅរកប្រក្រតីភាពជាធម្មតាឡើងវិញ។
លោក ឃួង ស្រេង ក៏បានកោតសរសើរចំពោះមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដែលបានបម្រើសេវាយ៉ាងល្អជូនប្រជាពលរដ្ឋ ហើយលោកសូមឲ្យបន្តខិតខំបម្រើសេវានេះ ឲ្យកាន់តែល្អបន្ថែមទៀត។ បន្ថែមពីនេះ លោកវឃួង ស្រេង សូមឲ្យមន្ត្រីទាំងអស់ ត្រូវទៅបំពេញតួនាទីជាប្រជាពលរដ្ឋ ដោយទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី០៥ ខែមិថុនានេះ។
អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ពីរបបប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ឆ្នាំ ដែលប្រជាពលរដ្ឋកម្ពុជាបានទទួលរងនូវទុក្ខវេទនាបំផុត ដោយប្រជាពលរដ្ឋកម្ពុជា ហូបមិនឆ្អែត ធ្វើទារុណកម្ម កាប់សម្លាប់យ៉ាងរង្គាល។ តែដោយគុណសម្តេចតេជោ ហ៊ុន សែន បានរំដោះប្រទេសកម្ពុជាដ៏កំសត់មួយនេះ ចេញពីរបបដ៏យង់ឃ្នង និងខ្មៅងងឹតនេះ ចេញពីចំណុចសូន្យ ដោយមិនមានអ្វីៗទាំងអស់ និងបានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ននេះ។
លោក ឃួង ស្រេង បានណែនាំឲ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយល់ឲ្យបានច្បាស់ពីប្រវត្តសាស្ត្រពិតរបស់កម្ពុជាពិសេសនៅក្នុងរបប ប៉ុល ពត និងពីវីរៈភាពរបស់សម្តេចតេជោ ហ៊ុន សែន បើគ្មានសម្តេចតេជោ ហ៊ុន សែនទេ ប្រទេសជាតិមិនមានអ្វីដូចពេលនេះទេ៕