(ភ្នំពេញ)៖ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយលោក ម៉ម ប៊ុននាង បានរៀបចំកិច្ចប្រជុំជ្រើសរើសសមាសភាពសមាជិកព្រឹទ្ធសភា ដើម្បីទទួលអំណោយមនុស្សធម៌មានឧបករណ៍វេជ្ជសាស្ត្រ និងថ្នាំពេទ្យសរុបចំនួន ១០,០០០,០០០ដុល្លារ ពីអង្គការអន្តរជាតិ Global life Sharing ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

លោក សុខ សំណាង ជំនួយការសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាស្ថាបនិកស្ប៉ាញសេនធ័រ បានឲ្យដឹងថា គណៈប្រតិភូដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា នឹងដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយអង្គការចែករំលែកសង្គ្រោះជីវិតសកល (Global life Sharing) ក្នុងការទទួលជំនួយជាសម្ភារ ជាពិសេសបរិក្ខារពេទ្យ ដែលគិតជាទំហំទឹកប្រាក់ប្រមាណ ១០,០០០,០០០ដុល្លារ ពីអង្គការអន្តរជាតិមួយនេះ។

ជំនួយរបស់អង្គការចែករំលែកសង្គ្រោះជីវិតសកល(Global life Sharing) ដែលមានស្នាក់ការធំ នៅសាធារណរដ្ឋកូរ៉េខាងត្បូង នឹងគ្រោងប្រគល់សម្ភារជូនដល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ តាមរយៈលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា។ ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) រវាងគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា និងអង្គការ Global life Sharing នឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ នៅក្នុងប្រទេសកូរ៉េខាងត្បូង។

បើតាមលោក សុខ សំណាង ប្រធានក្រុមការងារសម្របសម្រួល និងជាជំនួយការរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ព្រឹទ្ធសភាកម្ពុជា ធ្លាប់បានជំនួយជាសម្ភារ និងបរិក្ខារពេទ្យគិតជាទឹកប្រាក់១លានដុល្លាររួចហើយ ដោយជំនួយនេះ បានដឹកមកដល់បរិវេណព្រឹទ្ធសភាកម្ពុជាកាលពីពេលថ្មីៗនេះ និងគ្រោងធ្វើពិធីប្រគល់-ទទួលជាផ្លូវការនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា៕