(ភ្នំពេញ)៖ គណៈកម្មការចំរុះមួយក្រុមដែលគេឃើញមានវត្តមាន មន្ត្រីសំខាន់ៗមកពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់រាជធានី មន្ត្រីអាជ្ញាធរ សមត្ថកិច្ចខណ្ឌដង្កោ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ បាននាំគ្នាចុះទៅត្រួតពិនិត្យ និងវាស់វែងទីតាំដីមួយកន្លែង ស្ថិតនៅភូមិរលួស និងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលត្រូវបានគេដឹងថា ជាដីរបស់ឧកញ៉ា ឡោក ហ៊ួរ ត្រូវប្រជាពលរដ្ឋប្ដឹងទៅអាជ្ញាធរ។
មន្ត្រីគណៈកម្មការដែលដឹកនាំចុះធ្វើការត្រួតពិនិត្យនោះ មិនបានរៀបរាប់ឲ្យបានលំអិតពីករណីចុះត្រួតពិនិត្យ មើលទីតាំងដីខាងលើនេះឡើយ តែមន្ត្រីមួយចំនួនបានបង្ហើបថា ទីតាំងដីដែលគណៈកម្មការចុះពិនិត្យនេះគឺជាដីរបស់ឧកញ៉ា ឡោក ហ៊ួរ មានទំហំជាង៦.៨ហិកតា ហើយបច្ចុប្បន្នកំពុងមានទំនាស់ជាមួយប្រជាពលរដ្ឋ។
មន្ត្រីខាងលើបានអះអាងបន្ថែមថា ការចុះមកនេះគឺគ្រាន់តែយកប្លង់ដីមកពិនិត្យមើល ព្រោះទីតាំងដីនៅតំបន់ខាងលើមាន លក្ខណៈស្មុគស្មាញ ជាដីខែវស្សាលិចទឹក ខែប្រាំងគោកមិនទាន់មានចំណាត់ការយ៉ាងណានៅឡើយទេ។
ចំណែកចៅសង្កាត់រងមួយរូបគ្រាន់តែអះអាងថា មានប្រជាជនប្ដឹង អញ្ចឹងអាជ្ញាធរចុះពិនិត្យមើលទីតាំងដី និងបង្គោលព្រំជាមុនសិន តែមិនដឹងយ៉ាងមិចទេ។
សូមបញ្ជាក់ថា យោងតាមក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់កាលពីពេលថ្មីៗនេះ បានសំរេចដាក់ឈ្មោះឧកញ៉ា ឡោក ហ៊ួរ ចូលទៅក្នុងបញ្ជីខ្មៅរបស់ក្រសួង ពាក់ព័ន្ធការចុះបញ្ជីដីធ្លីដោយសារតែ ឧកញ៉ាឡោក ហ៊ួរ មានទំនាស់ដីធ្លីនៅខេត្ត និងរាជធានីជាច្រើន កន្លែង។ក្នុងនោះនៅស្រុកកៀនស្វាយ និងស្រុកស្អាង ខេត្តកណ្ដាល ឧកញ៉ាឡោក ហ៊ួរ មានទំនាស់ដីធ្លីច្រើនជាងគេ៕