(ឧត្តរមានជ័យ)៖ លោក គន់ គីម សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្នុងខេត្តឧត្តរមានជ័យ រយៈពេល ១២ថ្ងៃកន្លងទៅ ព្រមទាំងបានដាក់ចេញផែនការមួយចំនួនសម្រាប់ថ្ងៃបិទយុទ្ធនាការនៅថ្ងៃទី០៣ ខែមិថុនា។
លោក គន់ គីម នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅតាមបណ្តាក្រុង ស្រុកទាំង៥ ក្នុងខេត្តឧត្តរមានជ័យ និងដាក់ផែនការត្រៀមបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
លោក គន់ គីម បានលើកឡើងថា ក្នុងរយៈពេល១២ថ្ងៃកន្លងទៅនេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជាក្នុងឃុំទាំង២៤ នៃស្រុកទាំង៥ ក្នុងខេត្តឧត្តរមានជ័យ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំបំផុតក្នុងការស្វែងរកសំឡេងឆ្នោតពីប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា ក្នុងយុទ្ធនាការនេះ ក្រុមការងារបក្សបានពន្យល់ប្រជាពលរដ្ឋពីការគូសសន្លឹកឆ្នោត និងបានលើកបង្ហាញនូវគុណតម្លៃជាច្រើននៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាគោលនយោបាយរបស់បក្សក្នុងការអភិវឌ្ឍតាមឃុំ សង្កាត់។
លោក គន់ គីម បានលើកឡើងថា ក្នុងយុទ្ធនាការនេះក្រុមការងារបានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋសុទ្ធតែបានយល់ពីតម្លៃនៃការបោះឆ្នោត ហើយក៏បានបង្ហាញការគាំទ្រខ្លាំងចំពោះគណបក្សប្រជាជនកម្ពុជា ដែលជាបក្សបានសាងស្នាដៃយ៉ាងច្រើនបំផុតសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
បើទោះបីជាយ៉ាងណានៅក្នុងថ្ងៃបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី០៣ ខែមិថុនា លោក គន់ គីម បានណែនាំដោយជំរុញឱ្យក្រុមការងារទាំងអស់ ត្រូវចុះពិនិត្យ និងវាយតម្លៃឱ្យបានហ្មត់ចត់គ្រប់ជ្រុងជ្រោយ ដើម្បីបំពេញបន្ថែមនូវការចន្លោះប្រហោង។ ជាពិសេសជំរុញពលរដ្ឋឱ្យទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ហើយបោះជូនបក្សប្រជាជនកម្ពុជា រូបសញ្ញាទេវតាបាចផ្កា ដើម្បីឱ្យមេឃុំ ចៅសង្កាត់ និងថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា បានបម្រើប្រជាពលរដ្ឋ ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋបន្តទៅទៀត៕