(កំពង់ចាម)៖ ខណ:ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នឹងជិតមកដល់ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានបន្តក្រើនរំលឹកដល់សមាជិកសមាជិកាបក្សទាំងអស់ ឱ្យត្រៀមខ្លួនដើម្បីទៅបោះឆ្នោតជូនគណ:បក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា។

លោកប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម បានលើកឡើងនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ខណ:ពេលអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងកុក ក្រុងកំពង់ចាម ប្រមាណ៥០០នាក់។

ក្រៅពីការថ្លែងកោតសរសើរ និងអរគុណចំពោះសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងកុកទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើកិច្ចការជាប្រយោជន៍ដល់គណបក្ស និងប្រជាពលរដ្ឋនាពេលកន្លងមក, លោក អ៊ុន ចាន់ដា បានយកឱកាសនោះផ្តាំផ្ញើដល់សមាជិកសមាជិកាទាំងអស់ សូមថែរក្សាឲ្យបានសាមគ្គីភាពផ្ទៃក្នុង និងសូមកុំជឿតាមការញុះញង់របស់អ្នកដ៏ទៃ ហើយត្រូវត្រៀមខ្លួន ត្រៀមឯកសារពាក់ព័ន្ធ ដើម្បីទៅបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ដែលប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ឆាប់ៗខាងមុខនេះ ដើម្បីគាំទ្រឱ្យអាជ្ញាធរមូលដ្ឋានបន្តដឹកនាំ ធ្វើការអភិវឌ្ឍន៍ និងបម្រើដល់ប្រជាពលរដ្ឋឲ្យមានការរីកចម្រើនជាបន្តទៀត។

លោក អ៊ុន ចាន់ដា បានថ្លែងថា «ទោះយ៉ាងណាក៏ដោយមកដល់ពេលនេះ សូមបងប្អូនជាសមាជិកសមាជិកាបក្សក្នុងខេត្តកំពង់ចាមទាំងអស់ ត្រូវបង្កើនការរួមសាមគ្គីគ្នា ក្រោមដំបូលនៃគ្រួសារគណបក្សប្រជាជនកម្ពុជា ដោយមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សរបស់យើង ដែលសម្ដេចតែងតែផ្តល់ជាម្លប់ដ៏ត្រជាក់ ផ្ដល់នូវភាពជឿជាក់ និងក្តីសង្ឃឹមថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចនាំមកនូវសុខសន្តិភាព បានយូរអង្វែង និងនាំមកនូវការអភិវឌ្ឍដល់មូលដ្ឋាន និងនាំមកនូវការរីកចម្រើន ជាពិសេសគឺការលើកស្ទួយនូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងជាលំដាប់»