(កំពង់ធំ)៖ លោក ថោង ខុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍និងស្រុកតាំងគោក បានថ្លែងថា ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់មកនេះ គឺជាការបង្ហាញនូវសិទ្ធិនិងឆន្ទៈពិតៗរបស់ប្រជាពលរដ្ឋ ហើយក៏ជាការអនុវត្តលទ្ធិប្រជាធិបតេយ្យពិតប្រាកដក្នុងប្រទេសកម្ពុជាផងដែរ។

លោក ថោង ខុន បញ្ជាក់យ៉ាងដូច្នេះគឺក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិកគណបក្ស និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាប្រមាណជាង៤០០នាក់ ក្នុងភូមិស្វាយម្សៅ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២។

លោកបានថ្លែងយ៉ាងដូច្នេះថា «ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់មកនេះ គឺជាការបង្ហាញនូវសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ហើយគ្មានការបង្ខិតបង្ខំនោះទ្បើយ តែជាឆន្ទៈរបស់ប្រជាពលរដ្ឋពិតៗ»

ការគាំទ្រដល់គណបក្សប្រជាជនកម្ពុជានេះដែរ ក៏ដោយសារប្រជាពលរដ្ឋជឿជាក់លើសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតេជោតែងតែយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងទូទាំងប្រទេស។

លោកប្រធានក្រុមការងារក៏បានរម្លឹកទ្បើងវិញអំពីប្រវត្តិសាស្ត្រជាង៤០ឆ្នាំមុន ដែលសម្តេចបានលះបង់សាច់ស្រស់ឈាមស្រស់តស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ហើយនោះគឺជាសច្ចធម៌ប្រវត្តិសាស្រ្តមិនអាចកាត់ថ្លៃបានទ្បើយ។ ក្រោយមកទៀត សម្តេចក៏បានបន្តស្វែងរកសុខសន្តិភាពតាមនយោបាយឈ្នះឈ្នះជូនប្រទេសជាតិរហូតកម្ពុជាទទួលបានសន្តិភាពពេញលេញមកដល់សព្វថ្ងៃ ហើយបង្កលក្ខណៈឲ្យប្រជាពលរដ្ឋប្រកបមុខរបរដោយសុវត្ថិភាព បង្កើនជីវភាពគ្រួសារជាលំដាប់ ខណៈដែលប្រទេសជាតិក៏មានការរីកចម្រើនគួរជាទីមោទនភាព។

បើតាមការបន្ថែមរបស់លោក ថោង ខុន អ្វីទាំងអស់ដែលកម្ពុជាទទួលបានភាពសម្បូររុងរឿង និងភាពល្បីរន្ទឺទូទាំងពិភពលោកដូចសព្វថ្ងៃនេះ គឺដោយសារការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

លោក ថោង ខុន បានឱ្យរំលឹកកាន់តែច្បាស់ទៀតថា ក្រៅពីនោះអំទ្បុងពេលកូវីដ១៩ សម្តេចតេជោបានស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ខណៈដែលប្រទេសជាច្រើនលើសកលលោកពុំមានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ។ ទន្ទឹមនោះ យុទ្ធសាស្ត្រវ៉ាក់សាំងរបស់សម្តេចតេជោធ្វើឲ្យមានភាពស៊ាំក្នុងសហគមន៍ រហូតមានលទ្ធភាពបើកប្រទេសទ្បើងវិញ។ ដូច្នេះអ្វីទាំងអស់នេះគឺជានយោបាយដ៏ឈ្លាសវៃរបស់សម្តេចតេជោ ដែលប្រជាពលរដ្ឋទាំងអស់គ្នាមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ឧត្តងឧត្តមរបស់សម្តេចតេជោ និងគណបក្សប្រជាជនបាននោះទ្បើយ។

ថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចកាត់ឆ្វៀវដីតំបន់ទន្លេសាបដើម្បីជូនប្រជាពលរដ្ឋអាស្រ័យផល ដែលជាការយកចិត្តទុកដាក់គិតគូរគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលាដល់តម្រូវការ និងសំណូមពរចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដល់ប្រជាពលរដ្ឋមូលដ្ឋានដាច់ស្រយាល ដែលបានទៅតាំងទីរស់នៅជាយូរយាណាស់មកហើយ។

លោក ថោង ខុន ក៏បានអះអាងបន្ថែមថា ព្រោះតែគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន និងរបស់គណបក្សប្រជាជនកម្ពុជានោះហើយ ទើបពីមួយអាណត្តិទៅមួយអាណត្តិ ប្រជាជនកម្ពុជាតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយបានសម្តេចតេជោដឹកនាំប្រទេសជាបន្តបន្ទាប់។

លោកប្រធានក្រុមការងារបានប្រាប់ប្រជាពលរដ្ឋថា មកដល់ពេលនេះមិនទាន់មានគណបក្សនយោបាយណាមានគុណសម្បត្តិប្រៀបនឹងគណបក្សប្រជាជនកម្ពុជានោះទ្បើយ ហើយអាចនិយាយថាមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលជាជម្រើសមិនអាចខ្វះបានរបស់ប្រជាពលរដ្ឋ ដើម្បីបោះឆ្នោតឲ្យបន្តដឹកនាំប្រទេស។ លោកថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឲ្យខ្លួនឯង បោះឆ្នោតដើម្បីទទួលបានសន្តិភាព និងការអភិវឌ្ឍ ដូច្នេះសូមប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញាទេវតាបាចផ្កាទាំងអស់គ្នា៕