(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពបើកការដ្ឋានស្ថាបនាផ្លូវចំនួន៤ខ្សែ នៅក្នុងមង្គលបូរី ខេត្តបន្ទាយមានជ័យ ព្រមទាំងអំពាវនាវប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណ្ណតិទី៥ ឆ្នាំ២០២២ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០៥ ខែមិថុនា ឱ្យបានគ្រប់ៗគ្នា។

សម្រាប់ផ្លូវទាំង៤ខ្សែនេះ រួមមានផ្លូវបេតុង ២ខ្សែ, ផ្លូវកៅស៊ូ០១ខ្សែ ផ្លូវក្រាលថ្មបំបែក០១ខ្សែ និងលូជ្រុងរំដោះទឹកជំនន់២កន្លែងផងដែរ។

នាឱកាសនោះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានពាំនាំបណ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំ និងកោតសរសើរអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកស្រុកមង្គលបូរី ដែលបានចូលរួមជាមួយ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ក្នុងការចូលរួមថែរក្សាបានសន្តិភាព និងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីកចម្រើន។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបន្តថា សម្តេចតេជោ ហ៊ុន សែន ប្រើយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ ធ្វើប្រជាពលរដ្ឋខ្មែរអាចជៀសផុត ពីក្រញាំមច្ចុរាជបានមកវិញ ក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ១៩។

ទន្ទឹមនឹងនេះដែរ ឧបនាយករដ្ឋមន្ត្រី ក៏បានក្រើនរំឮកបន្ថែមដល់អាជ្ញាធរ ប្រជាពលរដ្ឋ សូមបន្តអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ បង្កើតពង្រីកមុខរបរ និងជំរុញវិស័យកសិកម្ម មិនយកពន្ធលើដីកសិកម្មបង្កបង្កើនផល ជាលក្ខណៈគ្រួសារ កសាងហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ឃុំ សង្កាត់ ការពង្រឹងសន្តិសុខស្បៀង ការប្រើប្រាស់ទឹកស្អាត និងថាមពល អគ្គិសនី និងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅបោះឆ្នោតទាំងអស់សូមត្រូវត្រៀមខ្លួន និងឯកសារសម្រាប់បម្រើឱ្យការងារបោះឆ្នោត (អត្តសញ្ញាណប័ណ្ណ) និងឯកសារសម្រាប់បម្រើឱ្យការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីបានឃុំសង្កាត់មានសុវត្ថិភាព សិទ្ធិសេរីភាព ជីវភាពប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ គោរព និងការពារ។

ជាមួយគ្នានេះដែរ បំពេញកង្វះខាតក្នុងការងារបណ្តុះបណ្តាលធនធានមនុស្ស, ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បានជួយសាងសង់អគារសិក្សាមួយខ្នង មាន៥បន្ទប់ នៅបឋមសិក្សា២ឆ្នូ នៅឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕