(សៀមរាប)៖ កាកបាទក្រហកម្ពុជាសាខាខេត្តសៀមរាប នៅថ្ងៃទី១៨ ខែឧសភា បាននាំយកថវិកា និងសម្ភារៈប្រើប្រាស់មួយចំនួនប្រជាពល ៧១គ្រួសារ នៅក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ដែលបានជួបគ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្តាលឲ្យរលំ និង ប៉ើងដំបូលផ្ទះ ហើយកំពុងជួប ការលំបាកក្នុងជីវភាព។
អំណោយកាកបាទក្រហកម្ពុជានេះ ត្រូវបាននាំយកទៅជូនប្រជាពលរដ្ឋរងគ្រោះ ដោយលោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការកាកបាទក្រហមខេត្តសៀមរាប រួមនិងមន្រ្តីកាកបាទក្រហមខេត្តជាច្រើនរូបទៀត។
លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ លោកស្រីបន្តថា សម្តេចទាំងពីរ មានការសោកស្តាយ និង អាណិតអាសូរខ្លាំង ចំពោះប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិនឹកស្មានមិនដល់ នាំឲ្យបាត់បង់ខូចខាត ផ្ទះសម្បែង ដែលបានខិតខំសាងសង់ឡើងយ៉ាងលំបាក ដើមី្បជាទីជម្រក។
លោកស្រី គួយ ណាលីន បានគូសបញ្ជាក់ថា បញ្ហាទាំងនេះ គឺបណ្តាលមកពីការបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាសកលលោក មិន មែនមាននៅតែកម្ពុជានោះទេ។
លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង បានណែនាំប្រជាពលរដ្ឋទាំងអស់ក្នុងពេលអាកាសធាតុ មានការប្រែប្រួលនេះ ត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់ ចំពោះបញ្ហាសុខភាពអនាម័យក្នុងការរស់នៅ ជាពិសេសកុមារតូចៗ ដែលងាយទទួលជំងឺផ្សេងៗ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងស្រុកអង្គរជុំ មានភ្លៀងលាយឡំទៅដោយខ្យល់កន្ទ្រាក់ និង ផ្គរន្ទះ ធ្វើឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ ៧១ខ្នង ក្នុងនោះរលំផ្ទះអស់ ២១ខ្នង របើកដំបូល ៥០ខ្នង។
តាមការបញ្ជាក់របស់លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានឲ្យដឹងថា អំណោយ ដែលជូនប្រជាពលរដ្ឋនាពេលនេះ ក្នុងមួយគ្រួសារទទួលបានសង្កសី ១០សន្លឹក អង្ករ ២៥គីឡូក្រាម ហើយគ្រួសាររលំផ្ទះទទួលបានថវិកា ១០ម៉ឺនរៀល និង គ្រួសារផ្ទះរបើកដំបូល ៣ម៉ឺនរៀល៕