(ភ្នំពេញ)៖ ទោះបីជាមានការព្រមានពីគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោតលើការបើកការស៊ើបអង្កេតកាលដែលអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិជាទណ្ឌិត និងខ្លះកំពុងជាប់បំរាមធ្វើនយោបាយ បានយករូបភាពសកម្មភាពយុទ្ធនាការឃោស នារកសំឡេងឆ្នោតរបស់គណបក្សភ្លើងទៀនទៅចែកចាយតាមបណ្តាញសង្គម ហើយដែលអាចនឹងនាំឱ្យគណបក្សភ្លើង ទៀនមានបញ្ហា ឈានដល់ការស៊ើបអង្កេតពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ផងដែរ ទណ្ឌិត សម រង្ស៊ី និងបក្ខពួកនៅតែបំពានបំរាម និងបានធ្វើសកម្មភាពឃោសនាដោយភ្ជាប់រវាងសម រង្ស៊ី ខ្មោចគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀនដោយប្រើប្រាស់សារនិងនិមិត្តរូបដែលសំដៅលើគណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀនដែលជាអតីតគណបក្ស សម រង្ស៊ី ប្រែឈ្មោះក្រោយច្បាប់ស្តីពីគណបក្សនយោបាយត្រូវបានអនុម័តឱ្យប្រើប្រាស់ ហើយបច្ចុប្បន្ននេះត្រូវបានគេដឹងថាទណ្ឌិត សម រង្ស៊ី និងបក្ខពួកនៅតែបន្តដឹកនាំនិងបញ្ជានៅពីក្រោយខ្នង បើទោះបីជាថ្នាក់ដឹកនាំបក្សនេះ បានចេញសេចក្តីប្រកាសព័ត៌មានថាបក្សភ្លើងទៀនមិនមានការជាប់ពាក់ព័ន្ធនឹង អតីតថ្នាក់ ដឹកនាំគណបក្សសង្គ្រោះជាតិដែលជាប់បំរាមធ្វើ នយោបាយក៏ដោយ។ តែសកម្មភាព សារជាសំឡេង និងសំណេរ ព្រម ទាំងរូបភាពភស្តុតាងបាបបង្ហាញយ៉ាងច្បាស់ថា ទោះពួកគេខិតខំលាក់បាំង និងខិតខំបដិសេធធ្វើជាមិនស្គាល់គ្នា តែការពិត នៅតែជាការពិត គឺទណ្ឌិត សម រង្ស៊ី នៅតែជាម្ចាស់និងជាមេដឹកនាំគណបក្សភ្លើងទៀន និងធ្វើសកម្មភាពដើម្បីគណបក្សភ្លើងទៀន។
តើហេតុអ្វីបានជា សម រង្ស៊ី រួមនឹងអ្នកត្រូវបានហាមឃាត់ធ្វើនយោបាយផ្សេងទៀតព្យាយាមផ្សារភ្ជាប់ខ្លួនទៅនឹងគណបក្សភ្លើងទៀន?
១៖ ព្រោះសម រង្ស៊ី និងអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានហាមឃាត់ធ្វើនយោបាយមួយចំនួនដូចជា មូរ សុខហួរ អេង ឆៃអ៊ាង ហូរ វ៉ាន់ នុត រំដួល ឡុង រី គឺជាមានដើមកំណើតនយោបាយមកពីគណបក្សភ្លើងទៀន។ កាលពី មុន ទោះស្ថិតក្នុងអតីតជំរុំបក្សព្រះអាទិត្យ តែចិត្ត ថ្លើម ប្រមាត់ និងខួរក្បាលជារបស់បក្សភ្លើងទៀន និងខិតខំប្រឹង ប្រែងធ្វើដើម្បីទាញផលប្រយោជន៍ទាំងឡាយមកឱ្យបក្សភ្លើងទៀន ច្រើនជាងបក្សសិទ្ធិមនុស្សរបស់ កឹម សុខា។
ការបំពានច្បាប់ របស់ទណ្ឌិត សម រង្ស៊ី និងបុគ្គលផ្សេងទៀតដោយភ្ជាប់ខ្លួននឹងគណបក្សភ្លើងទៀនជាចំហរបង្ហាញយ៉ាងច្បាស់ថា សម រង្ស៊ី និងបក្ខពួករបស់ខ្លួននៅតែបន្តដឹកនាំគណបក្សភ្លើងទៀន និងប្រើការបញ្ជាពីចម្ងាយតាមរយៈសហសេវិករបស់ខ្លួននៅក្នុងប្រទេសដូចជា ទៀវ វណ្ណុល ស៊ុន ឆ័យ ថាច់ សេដ្ឋាជាដើមដើម្បីធ្វើសកម្មភាព ជំនួសខ្លួន។ សេង ធារី ប្អូនស្រីរបស់ សេង ម៉ារឌី អគ្គហិរញ្ញឹករបស់គណបក្សភ្លើងទៀន ក៏បានបកអាក្រាតថា សម រង្ស៊ី នៅតែជាមេដឹកនាំគណបក្សភ្លើងទៀន និងបានបញ្ជាកិច្ចការពីចម្ងាយ និងប្រើប្រាស់មនុស្សផ្សេងៗដូចជា រ៉ុង ឈុន គង់ រ៉ៃយ៉ា ស៊ិន ពៅចាន់រូហ្សិតជាដើម ដើម្បីបំផ្លែងរូបភាពថាសម រង្ស៊ី និងអ្នកត្រូវបានហាមឃាត់នយោបាយផ្សេងទៀតមិនមាន ការពាក់ព័ន្ធនឹងគណបក្សភ្លើងទៀន។ ប៉ុន្តែដំរីស្លាប់មិនអាចយកចង្អេរទៅបាំងជិតឡើយ ហើយការយកសាររូបភាព សំឡេង និងធ្វើសកម្មភាពឃោសនាដោយប្រយោលនៅតាមទីតាំងផ្សេងៗជាភស្តុតាងនៃការបំពានច្បាប់របស់ក្រុមទណ្ឌិត សម រង្ស៊ី យ៉ាងច្បាស់។
២៖ ព្រោះ សម រង្ស៊ី និងបក្ខពួកយល់ថាប្រសិនបើខ្លួនមិនហក់ចូលទាំងបំពានជួយឃោសនាគណបក្សភ្លើងទៀន នោះពលរដ្ឋខ្មែរជាពិសេសអតីតសកម្មជនរបស់ខ្លួននឹងមិនផ្តល់ការគាំទ្រឡើយព្រោះពួកគេមើលឃើញថាគណបក្សភ្លើងទៀនមានតែ «ដងខ្លួនតែអត់ក្បាល» ព្រោះ មេដឹកនាំបច្ចុប្បន្នរបស់គណបក្សភ្លើងទៀនត្រូវបានគេដឹងថា គ្រាន់តែជា «អាយ៉ង» ប៉ុណ្ណោះ នោះនឹងធ្វើឱ្យផែនការនៃការលេបយកកម្លាំងអតីតខ្មោចបក្សសង្គ្រោះជាតិ ដើម្បីបង្កើតបន្ទាយនយោបាយថ្មីក្រោមឈ្មោះថា «បក្សភ្លើងទៀន» អាចនឹងបរាជ័យព្រោះសមាជិក អតីតខ្មោចបក្សសង្គ្រោះជាតិជាច្រើនបានបន្តនៅជាមួយ កឹម សុខា អតីតប្រធានខ្មោចគណបក្សសង្គ្រោះជាតិ ស្របច្បាប់។ សម រង្ស៊ី និងបក្ខពួករបស់ខ្លួនត្រូវបានក្រុម កឹម សុខា និយម រិះគន់វាយប្រហារថាបានក្បត់សម្ព័ន្ធមិត្ត ធ្វើបក្សប្រហារតែងតាំងខ្លួនឯងជា«ប្រធានស្តីទី»ខ្មោចបក្សសង្គ្រោះជាតិ និងបានយកគណបក្សភ្លើងទៀនទៅចូលរួមការបោះ ឆ្នោត និងថែមទាំងបានឃោសនាថា«គណបក្សភ្លើងទៀន និងអតីតគណបក្សសង្គ្រោះជាតិ គឺជាគណបក្សតែមួយ» ថែម ទៀតផង។ នេះជាការបញ្ជាក់ពីការកេងចំណេញនយោបាយ និងការស៊ីកេរនៃខ្មោចបក្សសង្គ្រោះជាតិ ក្បត់ដៃគូខ្លួនយ៉ាង ច្បាស់ក្រឡែត។ សម្រាប់ក្រុមអ្នកវិភាគស្ថានការណ៍នយោ បាយនៅកម្ពុជា នេះមិនមែនជារឿងចម្លែកឡើយ សម រង្ស៊ី បានបោកកឹម សុខា ជាច្រើនលើកច្រើនសារួចមកហើយ និងក៏គេដឹងក្រយ៉ៅរបស់ សម រង្ស៊ីដែរ ដែលជាអ្នកនយោបាយមាន់សម្លនិងអង្ករកំប៉ុង និងជាអ្នកនយោបាយ «ជាន់លើសាកសពអ្នកដទៃដើម្បីសម្រេចក្តីបំណងរបស់ខ្លួន»។
៣៖ ព្រោះ សម រង្ស៊ី និងបក្ខពួកផ្សេងទៀតដែលជាអ្នកអស់សង្ឃឹមនយោបាយដោយសារតែមានទោសជាប់ខ្លួនយ៉ាង ច្រើនពីទង្វើក្បត់ជាតិ និងការប្រព្រឹត្តល្មើសច្បាប់ផ្សេងទៀត ខិតខំប្រឹងប្រែងក្នុងដង្ហើមចុងក្រោយបង្កើតឱកាសនយោបាយ ឱ្យខ្លួនវិញ ស្រោចស្រង់ជីវិតនយោបាយខ្លួនឡើងវិញ និងដើម្បីមានសំឡេងនៅក្នុងដៃដើម្បីប្រើប្រាស់ ចរចានយោបាយ និងបង្កើនទម្ងន់នយោបាយឱ្យខ្លួននិងបក្ខពួកឡើងវិញព្រោះរយៈពេលជិត ១០ ឆ្នាំមកនេះ សម រង្ស៊ី បានធ្វើ«នយោបាយជីកកប់ខ្លួនឯងទាំងរស់»។ ក្រុមសម រង្ស៊ី បានបាត់បង់ឱកាសកាលពីឆ្នាំ ២០១៨ ដែលនៅស្មោះស្ម័គ្រគិតថា នឹងអាចប្រើប្រាស់ឥទ្ធិពលនិងសម្ពាធបរទេសមកលើរាជរដ្ឋាភិបាលកម្ពុជាបាន ជួយប្រស់ខ្មោចបក្សសង្គ្រោះជាតិដែលជាអង្គការចាត់តាំងនយោបាយបដិវត្តន៍ពណ៌ឱ្យរស់ឡើងវិញបាន ប៉ុន្តែរហូតមកដល់ពេលនេះ គឺហួសពេល។ ដោយសារតែខ្លាចហួសពេល និងកុំឱ្យដើរយុទ្ធសាស្ត្រខុសទៀត សម រង្ស៊ីនិងបក្សពួកបានរៀបចំដណ្តើមយកខ្មោចបក្សសង្គ្រោះជាតិមកវិញ មិនអនុញ្ញាតឱ្យក្រុមកឹម សុខា ដឹកនាំទៀតទេព្រោះដោយសារតែសម្តីអំណួតអត់គម្របរបស់ កឹម សុខា បានធ្វើឱ្យបក្សសង្គ្រោះជាតិរលាយដូចអំបិលត្រូវទឹក។ ហេតុដូច្នេះហើយបានជាពេលនេះ សម រង្ស៊ី និងបក្ខពួកត្រូវឆ្លៀតឱកាស មិនឱ្យបាត់បង់ឱកាសក្នុងកសាងជំរុំនយោបាយរបស់ខ្លួនឡើងវិញដោយមិនរង់ចាំដំណើរផ្សងព្រេងរកឥសីមកប្រស់ខ្មោចបក្សសង្គ្រោះជាតិឱ្យរស់ឡើងវិញទេ។ ក្រុមសម រង្ស៊ី និយមបានឃោសនាថា«បក្សភ្លើងទៀនជាព្រលឹងបក្សសង្គ្រោះជាត» សូម្បីតែលុយដែលរៃអង្គាសបានសម្រាប់ខ្មោចបក្សនេះក៏មានការទាមទារឱ្យយកមកជួយបក្សភ្លើងទៀននេះដែរ។ នេះ ជាយុទ្ធសាស្ត្រលេបយកកម្លាំងអតីតខ្មោចបក្សសង្គ្រោះជាតិ របស់ក្រុម សម រង្ស៊ី គឺលេបដូចពស់លេបកង្កែប។
តើការផ្សារភ្ជាប់ខ្លួនរវាងទណ្ឌិតនិងគណបក្សនយោបាយ នឹងទទួលបានលទ្ធផលបែបណា? តើនាំលាភ ឬនាំគ្រោះ?
តាមពិត អ្វីដែល សម រង្ស៊ី រួមនឹងបក្ខពួកខ្លួនទាំងក្នុងនិងក្រៅប្រទេសប្រឹងប្រែងធ្វើសកម្មភាពជាមួយ «បក្សភ្លើងទៀន» ទាំងដឹងថាបំពានច្បាប់ក៏ព្រោះដើម្បីកសាងបន្ទាយនយោបាយមួយឡើងវិញ និងបង្កើតកម្លាំងនយោបាយមួយដើម្បីបម្រើផល ប្រយោជន៍របស់ទណ្ឌិត សម រង្ស៊ី។ សម រង្ស៉ី បានប្រកាសក្តែងៗថាខ្លួនគាត់នឹងយកលទ្ធផលបោះឆ្នោតឃុំ-សង្កាត់អាណ្ត្តិទី៥ នេះធ្វើជាឈ្នាន់តថ្លៃនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីជាថ្នូរនឹងការអាចវិលត្រឡប់ចូលប្រទេសកម្ពុជាវិញក្រោយការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ នេះ។ ចំណុចនេះ មុត ចន្ថា ដែលជាមនុស្សស្និទ្ធនឹង កឹម សុខា ធ្លាប់ចេញមកប្រតិកម្មតប នឹងកាលដែលក្រុម សម រង្ស៊ី បានឃោសនាថាបក្សភ្លើងទៀន និងអតីតសង្គ្រោះជាតិគឺតែមួយដោយបានលើកឡើងថាជាការ រំលោភច្បាប់។ រំលោភលើច្បាប់វិសោធនកម្ម នៃច្បាប់ ស្តីពីគណបក្សនយោបាយ ច្បាប់បោះឆ្នោត និង បទបញ្ជា និង នីតិវីធី គ.ជ.ប ហើយនិងសាលដីការបស់តុលាការកំពូល។ ម្យ៉ាង ទៀត អ្នកនយោបាយជាទណ្ឌិត ឬជាអ្នកទោសដោយមានសាលក្រមស្ថាពរដូច សម រង្ស៊ី ជួយឃោសនាឱ្យបក្សភ្លើង ទៀន គឺជាអំពើរំលោភបំពានលើមាត្រា ៦-ថ្មី (ពីរ) ចំណុចទី៧ នៃច្បាប់វិសោធនកម្ម នៃច្បាប់ស្តីពីគណបក្សនយោបាយ និងសាលដីការបស់តុលាការកំពូល។
ដូច្នេះ សរុបមកវិញ គណបក្សភ្លើងទៀនគឺជាតំណាងឱ្យមហិច្ឆតានយោបាយរបស់ សម រង្ស៊ី និងធ្វើអ្វីៗដើម្បីបម្រើឱ្យបុព្វហេតុទណ្ឌិត សម រង្ស៊ី។ កាលដែលទណ្ឌិត សម រង្ស៊ី និងអ្នកទោសផ្សេងទៀតធ្វើសកម្មភាពជួយគណបក្សភ្លើងទៀន វាអាចជាការនាំគ្រោះដល់គណបក្សភ្លើងទៀនច្រើនជាងការនាំលាភព្រោះអ្នកទាំងនោះដឹងហើយថា យោងតាមច្បាប់ស្តីពីគណបក្សនយោបាយ អាចនាំឱ្យមានការស៊ើបអង្កេត និងការអនុវត្តច្បាប់ប្រឆាំងនឹងគណបក្សភ្លើងទៀនបាន។ ឬក៏ក្រុម សម រង្ស៊ី យល់ថា គណបក្សភ្លើងទៀននឹងមិនអាចដណ្តើមជ័យជម្នះ ក្នុងការបោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដែលធំ មានកម្លាំងគាំទ្រច្រើនលើបលុបពីពលរដ្ឋ និងជាគណបក្សតែមួយដែលបានដើរតួនាទីស្នូលក្នុងការការការ ពារជាតិប្រជាជនឡើយ ដូច្នេះពួកគេត្រូវតែរុញសេណារីយ៉ូឱ្យមានការប្តឹងនិងរំលាយបក្សភ្លើងទៀនមួយទៀត ក្រោយការបោះឆ្នោតដើម្បីពួកគេបន្តអុកឡុកប្រទេសកម្ពុជា បំផ្លាញការបោះឆ្នោត និងធ្វើឱ្យមានភាពមិនរលូនលើការអបអរសាទរជ័យជម្នះគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោត ព្រោះភស្តុតាងមានច្រើនរួចហើយដែលបញ្ជាក់ពីទំនាក់ទំនងរវាងក្រុមអ្នកនយោបាយជាទណ្ឌិត និងបក្សភ្លើងទៀន។ តែទោះជាយ៉ាងណា ប្រសិនបើអ្នកនយោបាយជាទណ្ឌិតដូច សម រង្ស៊ី និងអ្នកផ្សេងទៀតនៅតែបន្តគឃ្លើនរំលោភបំពានច្បាប់ជាធរមាន នោះមានន័យថា ពួកគេបាននិងកំពុងត្រៀមផ្នូរជូនគណបក្សភ្លើងទៀនទៀតហើយ៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២