(កំពង់ស្ពឺ)៖ អគ្គិភ័យដែលបានឆាបឆេះ រោងចក្រកាត់ដេរសម្លៀកបំពាក់់យីហោ New Best ស្ថិតនៅតាមផ្លូវជាតិលេខ៤ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរលត់ទៅវិញហើយ នៅវេលាម៉ោងប្រមាណ៣៖៥៥នាទី រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ បានរលត់ទៅវិញហើយ ក្រោយពីកម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច បូករួមទាំងការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់កុ្រម៧១១ នៃកងពលតូចលេខ៧០ផងដែរ។
លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៧០ បានឲ្យដឹងថា «គិតមកដល់ពេលនេះ ភ្លើងបានរលត់ស្ទើរទាំងស្រុងហើយ ពោលនៅសល់តែកម្ទេចកម្ទីខ្លះៗ ហើយយើងកំពុងបាញ់ឲ្យរលត់ទាំងស្រុង ដើម្បីកុំឲ្យឆេះបន្តទៀត»។
ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ស្ពឺ បានរាយការណ៍មកថា បើតាមការឲ្យដឹងពី ខាងរោងចក្រប្រាប់ទៅអាជ្ញាធរខេត្តនោះ គឺទំហំនៃការខូចខាត អស់សម្ភារប្រមាណ១០កុងតឺន័រ ដែលបម្រុងការនាំចេញទៅក្រៅប្រទេស។ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានចុះទៅបញ្ជាកម្លាំងសមត្ថកិច្ច និងអាជ្ញាធរផ្ទាល់នៅកន្លែងឆេះ បានថ្លែងឲ្យដឹងថា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យកើតឡើងនោះ គឺបណ្តាលមកពីជាងផ្សារដែក រួចហើយកម្ទេចភ្លើងបានធ្លាក់មកក្រោមប៉ះជាមួយកំណាត់ ក៏បង្កឲ្យមានភ្លើងឆេះតែម្តង។
លោក ព្រហ្ម យ៉ត នាយការិយាល័យពន្លត់អគ្គិភ័យរាជធានីភ្នំពេញ បានឲ្យដឹងថា កម្លាំងរបស់លោកក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ស្នងការ បានបញ្ជូនរថយន្តចំនួន៦គ្រឿងទៅបាញ់ពន្លត់ផងដែរ ហើយនៅពេលនេះ នៅដាក់រថយន្តប្រចាំនៅទីនោះនៅឡើយទេ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ និងអ្នករកស៊ីជាច្រើននាក់ បានរិះគន់ចំចំពោះរថយន្តពន្លត់អគ្គិភ័យរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដោយសារតែការបាញ់ទឹកចេញ ច្រូចៗ ពោលមិនអាចគ្រប់គ្រងស្ថានការ នៃទំហំគ្រោះអគ្គិភ័យនេះទេ។
មន្រ្តីនគរបាលម្នាក់ បានលួចបង្ហើបថា រថយន្តពន្លត់អគ្គិភ័យនេះ លោកស្នងការ កែវ ពិសី មិនដែលគិតគូ និងយកទៅជួសជុលឲ្យបានល្អនោះទេ ទុកយ៉ាងដូច្នេះ ទើបរាល់ពេលមានភ្លើងៗម្តង ទៅជួយអន្តរាគមន៍មិនទាន់សភាពការណ៍ ដូចករណីនាពេលកន្លងទៅអីចឹង។ ប្រជាពលរដ្ឋ បានបន្តលើកឡើងទៀតថា នេះបានរថយន្តរបស់អង្គភាព ៧១១ និងរថយន្តរបស់អង្គភាពផ្សេងទៀត មកពីខាងរាជធានីភ្នំពេញ មកជួយទាន់ បើពឹងរថយន្តរបស់ស្នងការខេត្តកំពង់ស្ពឺនោះ បាញ់មួយខែទៀត ក៏មិនទាន់រលត់ដែរ។
លោក ចឹក បូរិន ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារ Fresh News ថា សម្រាប់គ្រោះអគ្គិភ័យមួយនេះ មិនមានគ្រោះថ្នាក់ដល់កម្មករណាម្នាក់ ក្នុងចំណោមកម្មករសរុបប្រមាណ៦០០នាក់ ដែលបម្រើការងារនៅក្នុងរោងចក្រនោះទេ ក៏ព្រោះតែនៅពេលកើតឡើងនោះ ក្រុមកម្មករបានដល់ម៉ោងឈប់សម្រាក ហើយចេញមកហូបបាយនៅខាងក្រៅ៕