(ព្រះសីហនុ)៖ លោក សុខ សំណាង ជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសហការី បានចុះពិនិត្យគម្រោងសាងសង់មណ្ឌលព្យាបាលនិងថែទាំសុខភាព ដើម្បីបំពាក់បរិក្ខាវេជ្ជសាស្ត្រនៅខែមិថុនា ឆ្នាំ២០២២ ដែលជាជំនួយរបស់អង្គការចែករំលែកសង្គ្រោះជីវិតសកល ( Global Life Sharing ) ក្រោមការចង្អុលបង្ហាញពីលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា។
ក្នុងឱកាសចុះពិនិត្យគម្រោងសាងសង់មណ្ឌលព្យាបាលនិងថែទាំសុខភាព លោក សុខ សំណាង ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ លោក ម៉ម ប៊ុននាងប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា ជូនប្រជាពលរដ្ឋ។
បន្ទាប់មកលោក សុខ សំណាង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងគម្រោងសាងសង់ មណ្ឌលថែទាំសុខភាពដែលជាជំនួយរបស់អង្គការចែករំលែកសង្គ្រោះជីវិតសកល ដើម្បពិនិត្យការរៀបចំដើម្បីដំណើរការព្យាបាលជូនប្រជាជនក្រីក្រដោយឥតគិតថ្លៃ ក្រោមគម្រោងមនុស្សធម៌របស់អង្គការចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណៈរដ្ឋកូរ៉េខាងត្បូង និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា៕