(សៀមរាប)៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្ដសៀមរា បដែលដឹកនាំដោយលោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការកាកបាទក្រហមខេត្ត បាននាំយកអំណោយ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនគ្រួសាររងគ្រោះ រលំផ្ទះ របើកដំបូលដោយខ្យល់កន្ទ្រាក់ចំនួន៧១គ្រួសារ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកអង្គរជុំ ខេត្តសៀមរាប ។ចែកជូនប្រជាពលរដ្ឋ នៅក្នុងបរិវេណវត្ត ក្រឡាញ់ស្រុកអង្គរជុំ ខេត្តសៀមរាប។  

លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង បានថ្លែងថា ក្នុងនាមលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្ត ក៏បានពាំនាំនូវការផ្តាំផ្ញើរបស់សម្តេចទាំងពីរ ក្នុងការសំដែងនូវការសោកស្តាយអាណិតអាសូរ ចំពោះបងប្អូនដែលទទួល រងគ្រោះដោយគ្រោះធម្មជាតិនឹកស្មានមិនដល់ នៃការវិនាសកម្មដែលធ្វើឲ្យបាត់បង់ខូចខាត ផ្ទះសម្បែងរបស់បងប្អូន ដែលបានខិតខំ កសាងនូវជីវភាពរបស់ខ្លួន  ដើមី្បមានទីជម្រងរស់នៅសមរម្យ ប្រកបដោយសុភមង្គល ។

លោកស្រីក៏បានលើកនូវភាពជាក់ស្តែង ដែលបានធ្វើឲ្យតំបន់នៃខេត្តមួយចំនួន ខ្វះខាតនូវទឹកប្រើប្រាស់ សំខាន់បណ្តាក្រុង ស្រុក ឃុំសង្កាត់ នៃខេត្តសៀមរាប ក្នុងនោះក៏មានស្រុកអង្គជុំ បានជួបនូវបញ្ហាកង្វះខាតទឹកប្រើប្រាស់ ហើយត្រូវបានប្រមុខរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត សាខាកាកបាទក្រហមខេត្ត កងកម្លាំងប្រដាប់អាវុធ ចុះជួយធ្វើការផ្គត់ផ្គង់ទឹក ជូនដល់ប្រជាពលរដ្ឋខ្វះខាតទឹក ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយឥតទឹកប្រើប្រាស់ឡើយ ។

លោកស្រីក៏បានធ្វើការណែនាំ ដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងពេលដែលអាកាសធាតុមានការប្រែប្រួលនេះ ត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់ចំពោះបញ្ហាសុខភាព អនាម័យ ក្នុងការរស់នៅក្នុងក្រុមគ្រួសារ សំខាន់កុមារតូចៗ ងាយរងទទួលជម្ងឺផ្សេងៗ ព្រមទាំងគ្រោះ ធម្មជាតិខ្យល់កន្ទ្រាក់ ផ្គររន្ទះ និង ផ្តាំផ្ញើដល់បងប្អូនជនរងគ្រោះទាំងអស់ នៅមានប្រធានស័ក្តណាមួយកើតឡើង សូមរត់រកនូវទីកន្លែង សុវត្ថិភាព និងត្រូវធ្វើការជួសជុលលំនៅដ្ឋាន របស់ខ្លួនឡើងវិញ ដើមី្បឲ្យរស់នៅបានសមរម្យ ព្រមទាំងត្រូវត្រៀមលក្ខណៈ នូវឧបករណ៍សម្ភារៈកសិកម្ម ក្នុងការងារបង្កបង្កើនផល ដោយរដូវវស្សាបានចូលមកដល់ហើយ។ អំណោយចែកជូននេះដោយមិនបាន ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ មាននិន្នាការនយោបាយណាមួយឡើយ គឺធ្វើឡើងក្នុងទឹកចិត្តមនុស្សធម៌។

លោកអភិបាលស្រុកបានឲ្យដឹងថា ខ្យល់កន្ទ្រាក់ចំនួន៧១គ្រួសារ បានកើតឡើងកាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ នៅលើភូមិសាស្ត្រស្រុកអង្គរជុំ មានភ្លៀង លាយឡំទៅដោយខ្យល់កន្ទ្រាក់ និងផ្គរន្ទះ ដែលធ្វើឲ្យលំនៅឋាន ប្រជាពលរដ្ឋចំនួន៧១ខ្នង ដួលរលំ និង របើកដំបូលក្នុងនោះរលំផ្ទះអស់ ២១ខ្នង របើកដំបូល ៥០ខ្នង ។

តាមការបញ្ជាក់របស់លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានឲ្យដឹងថា ការផ្តល់អំណោយជូនប្រជាពលរដ្ឋ នាពេលនេះ មានចំនួន ៧១គ្រួសារ ដោយមួយគ្រួសារទទួលបានសង្ក័សី ១០សន្លឹក អង្ករ២៥គីឡូក្រាម ក្នុងនោះគ្រួសាររលំផ្ទះជូននូវ ថវិកា១០ម៉ឺនរៀល គ្រួសារផ្ទះរបើកដំបូល៣ម៉ឺនរៀល ដែលធ្វើការចែកជូននៅ ក្នុងបរិវេណវត្ត ក្រឡាញ់ស្រុកអង្គរជុំ ខេត្តសៀមរាប៕