(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបារាយណ៍ និងតាំងគោក បានអំពាវនាវដល់បេក្ខជនក្រុមប្រឹក្សាឃុំទាំងអស់នៃគណបក្សប្រជាជនកម្ពុជាត្រូវខិតខំបម្រើប្រជាពលរដ្ឋឲ្យកាន់តែសកម្ម និងប្រសើរថែមទៀត។
ការថ្លែងបែបនេះរបស់លោក ថោង ខុន ធ្វើឡើងក្នុងពេលជួបសំណេះសំណាលជាមួយសមាជិកបក្យឃុំបាក់ស្នា ស្រុកបារាយណ៍ ក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៍ គណៈអចិន្រ្តៃយ៍គណបក្សស្រុក បេក្ខជនក្រុមប្រឹក្សាឃុំ សាខាគណបក្សការិយាល័យអង្គភាពជុំវិញស្រុក និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណ៤០០នាក់ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២។
ថ្លែងក្នុងពិធីជួបជុំនោះ លោក ថោង ខុន បានលើកឡើងអំពីសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ ក្រោមដំបូលសន្តិភាពពេញលេញ។
លោក ថោង ខុន ក៏បានរម្លឹកទ្បើងវិញពីការតស៊ូប្រកបដោយវីរភាពរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីរំដោះប្រជាជន និងប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្រោយមកគណបក្សប្រជាជនកម្ពុជាក៏បានដឹកនាំកសាងប្រទេសជាតិចាប់តាំងពីបាតដៃទទេរហូតមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅដោយសុខសប្បាយ មានជីវភាពធូរធា។
ទន្ទឹមនឹងនោះ លោកប្រធានក្រុមការងារក៏បានរំលេចឲ្យឃើញផងដែរអំពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យប្រទេសជាតិទទួលបានសុខ សន្តិភាព ប្រជាពលរដ្ឋរស់នៅដោយសុខដុមរមនា និងជំរុញឲ្យមានការអភិវឌ្ឍកាន់តែមានសន្ទុះខ្លាំងទ្បើងៗ ហើយនោះជាសច្ចធម៌ដ៏ពិតប្រាកដពុំអាចបំភ្លៃបានទ្បើយ។
លោក ថោង ខុន ក៏បានសង្កត់ធ្ងន់អំពីសារសំខាន់ និងតម្លៃនៃសន្តិភាពសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា និងបានស្នើឲ្យគ្រប់គ្នា ត្រូវរួមគ្នាថែរក្សាឲ្យបានគង់វង្សនូវសុខសន្តិភាព ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក ថោង ខុន បានលើកឡើងអំពីនយោបាយយុទ្ធសាស្ត្រចាក់វ៉ាក់សាំងជូនប្រជាជននៅទូទាំងប្រទេស ដែលសម្ដេចតេជោតែងខិតខំកៀរគរតាមរយៈជំនួយ និងចំណាយថវិកាទិញយកមកទុកសម្រាប់ចាក់ជូនប្រជាជន ធានាសុខមាលភាពប្រជាជន។
យ៉ាងណាក៏ដោយ លោកប្រធានក្រុមការងារក៏បានស្នើផងដែរដល់បេក្ខជនក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែសកម្ម និងល្អប្រសើរថែមទៀត សម្រាប់ភាពសុខសាន្ត និងភាពរីកចម្រើនក្នុងមូលដ្ឋានរបស់ខ្លួន រួមទាំងខិតខំកាត់បន្ថយឲ្យបានជាអតិបរមានូវភាពអសកម្មបង្ករការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លោក ថោង ខុន អំពាវនាវជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ហើយសូមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញារូបទេវតាបាចផ្កាដើម្បីបន្តរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើន និងសម្បូររុងរឿងថែមទៀត។ លោកបន្ថែមថា មានការដឹកនាំដោយគណបក្សប្រជាជនកម្ពុជាគឺមានសន្តិភាព មានការអភិវឌ្ឍ និងសម្បូររុងរឿង៕