(កំពង់ចាម)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកងមាស នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានបន្តអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅឃុំកងតាណឹង និងឃុំស្តៅ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ក្នុងកំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។

ក្នុងឱកាសនោះ បណ្ឌិតសភាចារ្យ បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា និយាយជារួម និងដោយឡែកស្រុកកងមាស មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយប្រជាពលរដ្ឋបានផ្តល់ទំនុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានដឹកនាំនិងអភិវឌ្ឍ ប្រទេសឲ្យរីកចម្រើនលើគ្រប់វិស័យ។

លោកបន្ដទៀតថា គ្រប់ពេល គ្រប់ឧបសគ្គ គណបក្សប្រជាជនកម្ពុជា ដែលបានកើតឡើងពីប្រជាជន បម្រើប្រជាជន ដើម្បីប្រជាជន តែងតែនៅរួមរស់ និងចូលរួមដោះស្រាយទុក្ខ លំបាករបស់ប្រជាជន ជាក់ស្តែងកម្ពុជាបានទទួលជោគជ័យ ពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយសារតែការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ និងការចូលរួមគាំទ្រពីបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ជាមួយគ្នានេះ បណ្ឌិតសភាចារ្យ បានអំពាវនាវលោកយាយ លោកតា បងប្អូន និងក្មួយៗ ទាំងអស់នឹងបោះឆ្នោតគាំទ្របេក្ខភាពមេឃុំទាំង១១ រូប មកពីគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យពួកគាត់បានបន្តបំពេញភារកិច្ច និងបន្តអភិវឌ្ឍលើគ្រប់វិស័យទាំងអស់នៅគ្រប់ឃុំ និងបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ស្រុកកងមាស ខេត្តកំពង់ចាម៕