(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ គឺជាថ្ងៃទី១២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។

គ.ជ.ប បានបញ្ជាក់ថា ក្នុងថ្ងៃទី១២នេះ គណបក្សនយោបាយបានធ្វើសកម្មភាពឃោសនាស្វែងរកការគាំទ្រពីម្ចាស់ឆ្នោតនៅតាមឃុំ សង្កាត់នីមួយៗ។ តាមការកត់សម្គាល់ នៅខេត្តកំពត គណបក្ស ភ្លើងទៀន បានហែក្បួនចំនួន ៥ឃុំ សង្កាត់ គណបក្សយុវជនកម្ពុជា ហែក្បួនចំនួន ២ឃុំ គណបក្ស ខ្មែររួបរួមជាតិ ហែក្បួនចំនួន ១ឃុំ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហែក្បួនចំនួន ១ឃុំ ដោយឡែកគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើសកម្មភាពជួបប្រជុំ ចែកខិត្តប័ណ្ណ និងចាក់មេក្រូផ្សព្វផ្សាយ។

រីឯនៅខេត្តកំពង់ចាម គណបក្សប្រជាជនកម្ពុជា បានហែក្បួនចំនួន ៨ឃុំ សង្កាត់ គណបក្ស ភ្លើងទៀន ហែក្បួនចំនួន ៤ ឃុំ សង្កាត់ និងគណបក្សនយោបាយចំនួន ៩ទៀត រួមមាន៖ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា គណបក្ស ខ្មែររួបរួមជាតិ គណបក្សកែទម្រង់កម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សខ្មែរតែមួយ បានធ្វើសកម្មភាពជួបប្រជុំ ចែកខិត្តប័ណ្ណ និងចាក់មេក្រូផ្សព្វផ្សាយ។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយរាល់សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕