(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចុះហត្ថលេខាដើម្បីទិញវ៉ាក់សាំងពីប្រទេសចិនប្រមាណ១០៤លានដូសទៀត ដែលនឹងត្រូវវិចខ្ចប់នៅក្នុងប្រទេស សម្រាប់ផ្គត់ផ្គង់តម្រូវការរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ខាងមុខនេះ។
តាមរយៈសារសំឡេងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅព្រលប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «យើងបានសម្រេចចុះហត្ថលេខា ដើម្បីទិញវ៉ាក់សាំង ដែលនឹងត្រូវវិចខ្ចប់នៅក្នុងប្រទេសយើង ចំនួន១០៤៨៧៣១៥៧ដូសបន្ថែមទៀត សម្រាប់តម្រូវការ៣ឆ្នាំ គឺឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា សម្រាប់ឆ្នាំ២០២២ និង២០២៣នេះ កម្ពុជានៅបន្តប្រើប្រាស់វ៉ាក់សាំងដែលមានស្តុកនៅក្នុងឃ្លាំង តាមរយៈការទិញ និងជំនួយពីប្រទេសនានាកន្លងមក ដែលរហូតពេលនេះនៅសល់ប្រមាណ៩លានដូសនៅក្នុងឃ្លាំង។ សម្តេចបានបញ្ជាក់ថា ក្រៅពីនោះ យើងក៏មានវ៉ាក់សាំងដែលមិនទាន់ដឹកចូលមកដល់កម្ពុជាប្រមាណ២០លានដូសទៀត ក្នុងនោះមានដឹកពីប្រទេសចិន ចំនួន១៥លានដូស ពីសហរដ្ឋអាមេរិក ៥៥១៥៨៥០ដូស ពីអូស្រ្តាលីសម្រាប់ចាក់កូនក្មេង ចំនួន៥០ម៉ឺនដូស។
«ដោយសារជំងឺកូវីដ១៩ មិនទាន់បិទបញ្ចប់នៅលើពិភពលោក យើងពុំមានសុវត្ថិភាពនោះទេ ដូច្នេះយើងត្រូវត្រៀមបម្រុងទុកយថាហេតុដ៏អាក្រក់ សម្រាប់ពេលខ្វះវ៉ាក់សាំង នៅក្នុងចន្លោះឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ គឺរយៈពេល៣ឆ្នាំ ដូច្នេះហើយបានរាជរដ្ឋាភិបាល បានចុះហត្ថលេខាដើម្បីបញ្ជាទិញ សម្រាប់ឱ្យរោងចក្រផលិតឱ្យយើងចំនួនលេខគត់រហូតដល់ ១០៤លានដូស ដែលសហគ្រាសផលិតឱសថកម្ពុជា សហការជាមួយនឹងក្រុមហ៊ុនផលិតស៊ីណូវ៉ាក់របស់សាធារណរដ្ឋប្រជាមានិតចិន នឹងត្រូវផ្គត់ផ្គង់ឱ្យរាជរដ្ឋាភិបាលជិត៣៥លានដូស ក្នុង១ឆ្នាំ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចបន្តអំពាវនាវឱ្យពលរដ្ឋបន្តចាក់វ៉ាក់សាំងដូសជំរុញបន្តទៀត។ សម្តេចសង្ឃឹមថា ការចាក់វ៉ាក់សាំងគឺជាជម្រើសតែមួយគត់សម្រាប់ទប់ស្កាត់ការឆ្លងរីករាលដាល ដោយបូកផ្សំជាមួយនឹងវិធានការសុខាភិបាលដទៃទៀត។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា រាជរដ្ឋាភិបាលនឹងនៅតែបន្តចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ។
សូមបញ្ជាក់ថា រយៈពេលប្រមាណ២៦ថ្ងៃមកហើយ ដែលកម្ពុជាពុំមានអត្រាឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ។ ភាពប្រសើរឡើងនេះ ត្រូវបានវាយតម្លៃថា ដោយសារតែការចាក់ស្រោចវ៉ាក់សាំង ដែលបានមកពីការខិតខំស្វែងរករបស់រាជរដ្ឋាភិបាល។ កម្ពុជាក៏ជាប្រទេសដែលមានអត្រាឆ្លងតិចជាងគេបង្អស់នៅក្នុងតំបន់អាស៊ានផងដែរ៕