(ព្រះសីហនុ)៖ បន្ទាប់ពីបានបញ្ចប់កាសាងសង់រសៀលថ្ងៃពុធថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ «អគារតេជោព្យាបាលជំងឺកូវីដ១៩» ត្រូវបានដាក់ឱ្យប្រើប្រាស់ ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលនៃគណៈអភិ បាលខេត្តព្រះសីហនុ។
អគារនេះត្រូបានកសាងឡើងក្រោមគំនិតផ្តួច ផ្តើមសាងសង់ពីលោក គួច ចំរើន និងមានការចូលរួមជួយឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារពីបងប្អូនសប្បុរសជននានាក្នុងខេត្ត គ្រាដែលខេត្តព្រះសីហនុ មានការផ្ទុះឆ្លងកូវីដ១៩ខ្លាំងនាពេលកន្លងមក។
អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុមានកម្ពស់ ០១ ជាន់ ធ្វើគ្រឹះសសរបេតុង ដំបូលប្រក់ស័ង្កសី នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានទទឹង៣៣,៤ម៉ែត្រ បណ្តោយ ៩០,៦ម៉ែត្រ អាចដាក់បានគ្រែសរុប ២២៩គ្រែ ក្នុងនោះគ្រែអ្នកជម្ងឺ ស្រាល ១៤៣គ្រែ អ្នកជម្ងឺធ្ងន់ ៥៧ គ្រែ និងសង្រ្គោះបន្ទាន់២៩គ្រែ។ អគារតេជោនេះមានបន្ទប់ធំទូលាយ បំពាក់នូវឧបករណ៍ជំនួយដង្ហើមសម្រាប់ជួយសង្គ្រោះ អាយុជីវិតអ្នកជំងឺនិងមានលក្ខណៈទំនើបទាន់សម័យ។
តាមរយៈអគារព្យាបាលជំងឺកូវីដ១៩នេះ នឹងជាផ្នែកមួយបន្ថែមទៀតសម្រាប់ជួយពិនិត្យព្យា បាលជំងឺជូនប្រជាពលរដ្ឋ។ ទោះបីបងប្អូនប្រជាពលរដ្ឋក្រីក្រ ឬអ្នកមានក៏អាចចូលមកទទួលសេវាសុខាភិបាលព្យាបាលបានដូចគ្នា។
លោក គួច ចំរើន ថា «ទោះបីជំងឺកូវីដ១៩ មិនមានឆ្លងថ្មីក៏ដោយ ក៏យើងទាំងអស់គ្នាមិនត្រូវធ្វេសប្រហែសនោះឡើយ»។ លោកអភិបាលខេត្តសង្ឃឹមថា ក្រោយពីដាក់ឱ្យដំណើរការអគារតេជោព្យាបាលជំងឺកូវីដ-១៩ ប្រជាពលរដ្ឋខេត្តព្រះសីហនុ នឹងមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកនេះកាន់តែមានភាពងាយស្រួល។
ទន្ទឹមនោះលោកក៏បានណែនាំក្រុមគ្រូពេទ្យត្រូវតែខិតខំជួយពិនិត្យព្យាបាលជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរឱ្យអស់លទ្ធភាព៕