(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋរស់នៅមូលដ្ឋានស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានបង្ហាញនូវក្ដីត្រេកអរជាអនេកគ្រប់ៗគ្នា និងបានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានសម្រេចកាត់ឆ្វៀលដីអាស្រ័យផលរបស់ពួកគាត់នៅតំបន់បឹងទន្លេសាប ជូនពួកគាត់ជាកម្មសិទ្ធិ និងអាចបន្ដប្រើប្រាស់អាស្រ័យផលបាន។
ជាមួយគ្នានេះ ប្រជាពលរដ្ឋទាំងនោះ បានប្រកាសប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៅឆ្នាំ២០២៣ និងអាណត្តិបន្ត បន្ទាប់ទៀត។
សារថ្លែងអំណរគុណផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ នៅចំពោះមុខលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ ខណៈដឹកនាំគណៈប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យដីតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប ស្ថិតនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សូមបញ្ជាក់ថា បន្ទាប់ពីមានបទបញ្ជាពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យដីតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង បន្ទាប់ពីចុះទៅខេត្តបាត់ដំបង ពោធិសាត់កាលពីថ្ងៃទី ២៧ និង២៨ ខែឧសភា កន្លងមក។
ការចុះត្រួតពិនិត្យដីតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប នៅខេត្តកពង់ឆ្នាំងនេះ មានការចូលរួមពី លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយមន្ត្រីអាជ្ញាធរពាក់ព័ន្ធផងដែរ។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងនៅ៣ទីតាំង ក្នុងនោះមាន៖ ទីតាំងទី១៖ ភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ស្ថិតក្នុងតំបន់៣។ ទីតាំងទី២៖ ភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ស្ថិតក្នុងតំបន់៣។ បន្ទាប់ពីចុះពិនិត្យទីតាំង លោកឧបនាយករដ្ឋមន្រ្តីបានដឹកនាំកិច្ចប្រជុំពិភាក្សាកិច្ចការនេះ នៅសាលាខេត្តំកំពង់ឆ្នាំង។
នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរស់នៅ និងអាស្រ័យផលនៅលើដីទាំងនោះផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា បានបែងចែកដីបឹងទន្លេសាបជា៣តំបន់ ដើម្បីបង្កភាពងាយស្រួលដល់ការគ្រប់គ្រង។ ក្នុងនោះដីតំបន់៣ ជាដីដែលមិនអាចអាស្រ័យផល និងមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិបានឡើយ, តំបន់២ ជាដីដែលអាចអាស្រ័យផល តែមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិ និងតំបន់១ ជាដីដែលអាចអាស្រ័យផល និងអាចធ្វើជាម្ចាស់កម្មសិទ្ធិបានផងដែរ។
នៅក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្តេចបានគិតគួរពីជីវភាពរបស់ប្រជាពលរដ្ឋ កំពុងជួបការលំបាក ទើបសម្តេចចាត់ក្រុមការងាររាជរដ្ឋាភិបាល សហការជាមួយអាជ្ញាធរឃុំ ស្រុកនិងខេត្ត ប្រញ៉ាប់ចុះពិនិត្យ និងធ្វើការវិនិច្ឆ័យដីតំបន់៣ ដើម្បីកាត់ឆ្វៀលជូនប្រជាពលរដ្ឋដែលបានតាំងទីលំនៅ ចាប់ពី១០ឆ្នាំឡើងទៅ។
ដោយឡែកក្នុងឃុំ២ នៃស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង គឺឃុំសំរោងសែន និងឃុំផ្លូវទូក មានវត្តអាម ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ និងមានប្រជាពលរដ្ឋរស់នៅជាច្រើនតំណរមកហើយ តំបន់ទាំងពីរនេះ រាជរដ្ឋាភិបាលសម្រេចកាត់ឆ្វៀ លដីជូនប្រជាពលរដ្ឋសម្រាប់បង្កបង្កើនផលឡើងវិញ។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្តឲ្យដឹងទៀតថា ការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ គឺមានតែសម្ដេចម្នាក់ប៉ុណ្ណោះ ដែលមានសិទ្ធិអាចកាត់ឆ្វៀលដីតំបន់៣ ជូនប្រជាពលរដ្ឋបានមិនមែនគណបក្សប្រឆាំងទេ ដែលអាចកាត់ ឆ្វៀលដី ជូនប្រជាពលរដ្ឋបាននោះ ឯការឃោសនារបស់គណបក្សប្រឆាំង គឺជាការឃោសនាបែបប្រជាភិថុតិ បោកប្រាស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ កុំជឿការឃោសនារបស់ពួកគេឱ្យសោះ។
ខណៈនោះដែរ លោកក៏បានមានប្រសាសន៍បញ្ជាក់ជូនប្រជាពលរដ្ឋក្នុងឃុំផ្លូវទូកថា នៅក្នុងឃុំផ្លូវទូកនេះ មានប្រជាពលរដ្ឋបានរស់នៅជាច្រើនតំណរ ពិតប្រាកដមែន ដោយមានវត្តអារាមដែលមានអាយុកាលរាប់រយឆ្នាំជាភស្តុតាង ដូច្នេះរាជរដ្ឋាភិបាល សម្រេចកាត់ឆ្វៀលដីតំបន់៣ជូនប្រជាពលរដ្ឋក្នុងឃុំផ្លូវទូកមានចំនួន១,១៧២គ្រួសារ ក្នុងមួយគ្រួសារទទួលបានដីលំនៅដ្ឋានក្បាល២០ម៉ែត្រ បណ្ដោយ១០០ម៉ែត្រ នឹងដីសម្រាប់បង្កបង្កើនផល ក្នុង១គ្រួសារ៣ហិកតា។
លោកបានសន្យាថា រយៈពេល៣ថ្ងៃទៀត នឹងទទួលបានព័ត៌មានអំពីការចែកដីជូនប្រជាពលរដ្ឋ តាមរយៈអាជ្ញាធរមូលដ្ឋានហើយ។ ពេលលោកចេញពីនេះ លោកនឹងចូលប្រជុំនៅសាលាខេត្តកំពង់ឆ្នាំង ដើម្បីចាត់ចែងបន្ទាន់អំពីការងារនេះ។ នេះជាការសាររបស់លោកឧបនាយករដ្ឋមន្រ្តីជូនប្រជាពលរដ្ឋ៕