(ព្រៃវែង)៖ ក្រុមសហភាពសហព័ន្ធយុវជនខេត្តព្រៃវែង ក្រោមការណែនាំពីលោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាប្រធានក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ បានចុះទៅជួយជួសជុលផ្ទះជូនស្រ្តីមេម៉ាយម្នាក់ដែលត្រូវចិញ្ចឹមកូនចំនួន៤នាក់ ក្រោយពីត្រូវប្តីបានស្លាប់ចោលទៅនោះ។ ផ្ទះស្រ្តីមេម៉ាយឈ្មោះ យាន សុខុម ខាងលើនេះ ស្ថិតនៅក្នុងភូមិត្រពាំងព្រះទី២ ឃុំព្រៃឃ្នេស ស្រុកមេសាង។
លោក សែម គន្ធា អនុប្រធានក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានឲ្យដឹងថា ក្រោយបញ្ចប់ការជួយជួសជុលផ្ទះជូនស្រ្តីមេម៉ាយរួចមក ក្រុមការងាររបស់លោក បាននាំយកសម្ភារ និងថវិការបស់លោកស្រី កែ សួនសុភី ស សុខា ចែកដល់បងប្អូនជួបការលំបាកចំនួន៤គ្រួសារបន្ថែមទៀតផងដែរ។ លោក សែម គន្ធា បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់លោក ស សុខា និងលោកស្រី ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដែលជួបការលំបាក ទើបក្រុមការងាររបស់លោក បានចុះមកជាក់ស្តែង ហើយជួយជួសជុលផ្ទះជូនតែម្តង សម្រាប់ទីស្នាក់អាស្រ័យ៕