(កំពង់ធំ)៖ លោក ម៉ែន លី សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានបន្តចុះធ្វើយុទ្ធនាការឃោសនា បោះឆ្នោត និងផ្សព្វផ្សាយគោលនយោបាយបក្សនៅក្នុងឃុំទីពោ។
នាឱកាសនោះដែរ លោកបានអំពាវនាវដល់សមាជិកសមាជិកាបក្សទាំងអស់ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ត្រូវតែមានសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងសមត្ថភាពថ្នាក់មូលដ្ឋានឱ្យបានរឹងមាំ។
លោក ម៉ែន លី បានលើកឡើងថា «សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបាននាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ។ តាមបណ្ដាមូលដ្ឋានឃុំ សង្កាត់ សុទ្ធតែមានការប្រែប្រួលមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិ ទៅមួយអាណត្តិ មិនមានគណបក្សណាអាចធ្វើបាននោះឡើយ ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សចាស់ទុំ និងមានបទពិសោធន៍ច្បាស់លាស់ក្នុងការដឹកនាំប្រទេស»។
ឆ្លៀតក្នុងឱកាសនោះ លោកក៏បានសំណូមពរ និងជំរុញដល់សមាជិក សមាជិកាគណបក្សទាំងអស់ នៅតាមថ្នាក់មូលដ្ឋានត្រូវតែមានឯកភាពផ្ទៃក្នុង និងពង្រឹងនូវសមត្ថភាពផ្ទាល់ខ្លួនឱ្យបានខ្លាំងក្លាដែលទំនុកចិត្តដល់ប្រជាពលរដ្ឋ ក្នុងការពឹងពាក់ស្នាក់អាស្រ័យនិងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលាដល់ពួកគាត់ដែលជាតម្រូវការចាំបាច់បំផុតសម្រាប់ការរស់នៅទទួលទានប្រចាំថ្ងៃ។ ក្នុងរយៈពេលនេះប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងអភិវឌ្ឍលើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័នរូបវ័ន្ត និងធនធានមនុស្ស ដើម្បីឱ្យមានការអភិវឌ្ឍបន្តទៀត។
លោក តុក កក្កដា ជំរុញឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ សូមកៀរគរ ញាតិមិត្ត បងប្អូន ឪពុកម្ដាយ ទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំគណបក្សប្រជាជនកម្ពុជា ឃុំទីពោ ដែលមានលំដាប់លេខរៀងទី៣ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត៕