(ពោធិ៍សាត់)៖ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានសម្រេចផ្តល់ជូនផ្លូវបេតុង ចំនួន០២ខ្សែ ប្រវែង៤៨៧ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ជាអចិន្ត្រៃយ៍ និងប្រើប្រាស់ដោយប្រយោល ក្នុងភូមិចំការចេកខាងជើង និងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ការសម្រេចផ្តល់ជូនផ្លូវបេតុងខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យដោយផ្ទាល់ អំពីស្ថានភាពផ្លូវជាក់ស្តែង ជុំវិញការស្នើសុំកន្លងមក ទាក់ទងនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះ លោក ជាវ តាយ បានមានប្រសាសន៍ថា ផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ មានតួនាទីតភ្ជាប់ និងដឹកជញ្ជូនគ្រប់ផលិតផល ទៅកាន់គ្រប់ច្រកល្ហក ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែងអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងការផ្តល់សេវាសាធារណៈ ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង និងទំនើបជឿនលឿនជាងនេះថែមទៀត។
លោកក៏ដូចជាក្រុមការងារ បានប្តេជ្ញាបន្តខិតខំកសាង អភិវឌ្ឍ និងបម្រើប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ និយាយជារួមនឹងនិយាយដោយ ក្នុងខេត្តពោធិ៍សាត់យើងឱ្យកាន់តែខ្លាំងទ្វេដង ក្នុងនាមជាមន្ត្រីបម្រើរាស្ត្រពិតប្រាកដ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «មន្ត្រីគឺជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋឡើយ»។
លោក ជាវ តាយ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវផ្តល់ព័ត៌មានមកក្រុមការងារ ឬតំណាងក្រុមប្រឹក្សាសង្កាត់ផ្ទះព្រៃ ដែលជាបេក្ខភាពឈរឈ្មោះ លំដាប់លេខរៀងទី១ ក្នុងករណីពួកគាត់ជួបប្រទះបញ្ហាលំបាក ក្នុងការរស់នៅប្រចាំថ្ងៃរបស់ខ្លួន ហើយផ្លូវបេតុងទាំង២ខ្សែខាងលើ រួមទាំងការស្នើសុំដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ នឹងចាប់ដំណើរការសាងសង់ នៅចុងខែមិថុនាខាងមុខនេះផងដែរ៕