(កំពង់ធំ)៖ ប្រជាពលរដ្ឋរស់នៅមូលដ្ឋានឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបង្ហាញនូវក្ដីត្រេកអរជាអនេក ក្រោយទទួលបានដំណឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចកាត់ឆ្វៀលដីអាស្រ័យផលរបស់ពួកគាត់ នៅតំបន់២ និងតំបន់៣ នៃតំបន់បឹងទន្លេសាប ជូនពួកគាត់ជាកម្មសិទ្ធិ ដើម្បីបន្ដប្រើប្រាស់អាស្រ័យផល។
សារថ្លែងអំណរគុណផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ តាមរយៈលោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ ក្នុងឱកាសលោកអញ្ជើញចុះជួបជាមួយប្រជាពលរដ្ឋរស់នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ដើម្បីផ្សព្វផ្សាយពីការកាត់ឆ្វៀលដីអាស្រ័យផលតំបន់២ និងតំបន់៣ និងក៏អាចធ្វើជាម្ចាស់កម្មសិទ្ធិចំពោះដីដែលបានកាត់ឆ្វៀលនោះ។
តាមរយៈការផ្តល់បទសម្ភាសន៍ជាមួយភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំ បានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ដែលបានធ្លាប់រស់នៅ និងអាស្រ័យផលតាំងពីឆ្នាំ១៩៧៩មកម្លេះ ប៉ុន្តែមិនមានសិទ្ធិទិញ លក់បានទេ។ ពួកគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការសម្រេចដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងចាត់ទុកថា នេះជាការដឹងសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។
ជាមួយនឹងក្តីសប្បាយរីករាយនេះ ប្រជាពលរដ្ឋទាំងនោះ សូមប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជាគ្រប់អាណត្តិ ហើយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ពួកគាត់នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត។
គួរបញ្ជាក់ថា ស្រុកកំពង់ស្វាយ មានចំនួន១១ឃុំ នៅក្នុងនោះឃុំកំពង់គោ ស្ថិតនៅតាមបណ្ដោយដងស្ទឹងសែន ដែលមានទីតាំងភូមិសាស្រ្ត ស្ថិតក្នុងតំបន់២ និងតំបន់៣ ដែលប្រជាពលរដ្ឋមិនអាចប្រើប្រាស់ចាត់ចែងស្របតាមច្បាប់បាន ហើយទីតាំងលំនៅឋានរបស់ពួកគាត់មានតាំងពីយូរយារណាស់មកហើយ។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការកែសម្រួលផ្ទៃដីទំហំ ៦,៣៨៥ហិកតា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់អាស្រ័យផល។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២៕