(សៀមរាប)៖ មន្ដ្រីអាជ្ញាធរជាតិអប្សរាបានព្រមានផាកពិន័យថវិកាចំនួន៤០ម៉ឺនរៀល ចំពោះភ្ញៀវទេសចរទាំងជាតិ និងអន្ដរជាតិដែលមិនអនុវត្ដទៅតាមការណែនាំ ឬល្មើសបម្រាមចំនួន៦ចំណុចនៅសួនរុក្ខជាតិ ដើម្បីរក្សានិរន្ដរភាពបរិស្ថាន អនាម័យ ភាពស្អាតនៅក្នុងសួននេះ។

លោក មាឃ បូរ៉ា អ្នកគ្រប់គ្រងសួនរុក្ខជាតិអង្គរនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដើម្បីចូលរួមថែរក្សាអនាម័យឱ្យមាននិរន្ដរភាពនៅក្នុងរមណីយដ្ឋានកែច្នៃសួនរុក្ខជាតិអង្គរនេះ អាជ្ញាធរជាតិអប្សរាបានដាក់បម្រាមចំនួន៦ចំណុច ដោយមានការផាកពិន័យធ្ងន់ធ្ងររហូតដល់៤០ម៉ឺនរៀល។

បម្រាមទាំងនោះ រួមមាន៖

១. ហាមយកទឹកបរិសុទ្ធចូលក្នុងសួន
២. ហាមវេចនំនែកដោយថង់ផ្លាស្ទិកចូលក្នុងបរិវេណសួន
៣. ហាមយកអាវុធជាតិផ្ទុះចូលក្នុងសួន
៤. ហាមយកសត្វចិញ្ចឹមគ្រប់ប្រភេទចូលក្នុងសួន
៥. ហាមបន្ទោរបង់ក្រៅបន្ទប់ទឹកដែលមានរៀបចំនៅក្នុងសួន
៦. ហាមប្រព្រឹត្តអំពើអបាយមុខខុសច្បាប់ណាមួយជាដើម។

លោកបានបន្ដថា ការដាក់បម្រាម៦ចំណុចនេះគឺស្ថិតនៅក្នុងប័ណ្ណចូលទស្សនារួចជាស្រេច ហើយមានបុគ្គលិកណែនាំឱ្យអ្នកទេសចរបានយល់ដឹងបន្ថែមផងដែរ។ លោកបានបន្ដទៀតថា បម្រាមទាំងនេះដើម្បីឱ្យរមណីយដ្ឋានមួយនេះ កាន់តែមានភាពទាក់ទាញអ្នកទេសចរ បន្ទាប់ពីពួកគាត់បានទស្សនាប្រាសាទអង្គរវត្ដ ឬប្រាសាទបុរាណផ្សេងៗទៀត ព្រោះសួនរុក្ខជាតិអង្គរនេះស្ថិតនៅក្បែប្រាសាទអង្គរ។

រមណីយដ្ឋានកែច្ឆៃដ៏មានប្រជាប្រិយភាពមួយនេះមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវទៅប្រាសាទអង្គរវត្ដ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប នៅលើផ្ទៃដីជាង១៥ហិកតា ដោយមានរុក្ខជាតិជាង៥០០ប្រភេទ នៅក្នុងសួន។ បន្ទាប់ពីបានបើកឱ្យចូលទស្សនាដោយមិនគិតថ្លៃចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២កន្លងមក ដែលមកដល់ពេលនេះមានអ្នកទេសចរទៅទស្សនាសួនរុក្ខជាតិនោះប្រមាណជាង២ម៉ឺននាក់ហើយ។

សួនរុក្ខជាតិអង្គរនេះមានលក្ខណ:ពិសេសណាស់ក្នុងការអភិរក្សរុក្ខជាតិខ្មែរសំខាន់ៗ ជាពិសេសគឺរុក្ខជាតិដែលអាចយកមកផ្សំធ្វើជាឱសថព្យាបាលរោគផងដែរ។ ក្រៅតែពីដាំរុក្ខជាតិអាចផ្សំជាឱសថដែលជាគំនិតដ៏សំខាន់នោះ វាក៏មានប្រយោជន៍សំខាន់មួយទៀត គឺជួយដល់វិស័យបរិស្ថាន ដំណើរការប្រែប្រួលអាកាសធាតុ ដោយបានផ្ដល់ជាម្លប់ និងបញ្ចេញអុកស៉ីសែនសម្រាប់ប្រព័ន្ធដកដង្ហើមផងដែរ។

ជាមួយគ្នានោះ ការផ្ដើមគំនិតបង្កើតសួនរុក្ខជាតិអង្គរក៏ដើម្បីជួយដល់ការប្រែប្រួលអាកាសធាតុនៅតំបន់អង្គរនេះ ការលើកស្ទួយដល់វិស័យបរិស្ថានផង និងលើកស្ទួយដល់សុខភាពសាធារណ: និងភ្ញៀវទេសចរផងដែរ៕