(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ អង្គភាពមន្ទីរពាក់ព័ន្ធ ចុះពិនិត្យការសាងសង់ដំបូលផ្សារ និងសំណេះសំណាលជាមួយអាជីវករ ក្នុងផ្សារធំកំពង់ចាម និងអាជីវករផ្សារបឹងកុក ស្ថិតក្នុងក្រុងកំពង់ចាម។
បើតាមប្រធានគណៈអាជិវករផ្សារធំកំពង់ចាម លោក ឈាង ថា បានឱ្យដឹងថា កន្លងទៅ ជួរតូបលក់ដូរនៅសងខាងផ្សារធំកំពង់ចាម មិនទាន់មានដំបូលខ្ពស់ ដែលប្រការនោះធ្វើឱ្យអាជីវករ មានការលំបាកក្នុងការលក់ដូរ ទាំងរដូវប្រាំង និងរដូវវស្សា។
លោក ឈាង ថា បានបន្តទៀតថា ដោយមើលឃើញពីការលំបាករបស់អាជីវករដូច្នោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជួយសាងសង់ ដំបូលផ្សារ ប្រក់ស័ង្កសី ជុំវិញផ្សារធំកំពង់ចាម ដែលមានទំហំជាង ៥,០០០ម៉ែត្រការ៉េ។
លោក ឈាង ថា បានបញ្ជាក់ថា ដំបូលផ្សារធំកំពង់ចាម បានចាប់ដំណើរការសាងសង់នៅដើមខែឧសភា ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន ការសាងសង់សម្រេចបាន ៩៥%ហើយ។ ជាមួយគ្នានេះដែរ គណៈអាជីវករនឹងបើកឱ្យដំណើរការលក់ដូរឡើងវិញចាប់ពីថ្ងៃទី៤ មិថុនាឆាប់ៗខាងនេះផងដែរ៕