(ភ្នំពេញ)៖ នៅអំឡុងទស្សនកិច្ចនៅទីក្រុងមូស្គូ នាបពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឱ្យប្រទេសរុស្ស៊ី បង្វែបំណុលសេសសល់ ដែលកម្ពុជាបានជំពាក់ នាពេលកន្លងមក ទៅជាជំនួយផង និងជាការវិនិយោគរួមគ្នាផង។
សម្តេចបានបញ្ជាក់ថា ជំនួយដែលកម្ពុជាចង់ឱ្យរុស្ស៊ីបង្វែពីបំណុលនោះ មានដូចជា ផ្នែកបណ្តុះបណ្តាលធនធានមនុស្សលើបញ្ហា វិស័យសង្គម ទៅលើបញ្ហាវិស័យបរិស្ថាន និងបញ្ហាដទៃទៀត ដែលប្រទេសរុស្ស៊ី ធ្លាប់បានជួយបែបនេះដល់កម្ពុជានៅក្នុងសម័យ សង្គមរាស្រ្តនិយម។
ថ្លែងក្នុងឱកាសសំណេះសំណាលជាមួយ និស្សិត៣០០នាក់ ដែលសិក្សានៅប្រទេស នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «យើងនិយាយជាមួយរុស្ស៊ី យើងសូមស្នើឱ្យរុស្ស៊ីបង្វែបំណុល ដែលយើងជំពាក់គាត់ ក្រៅពីការកាត់កងស្អីហើយ រួចហើយឱ្យគាត់ផ្ទេបំណុលនេះជាជំនួយផង ទៅជាវិនិយោគរួមគ្នាផង ក្នុងបញ្ហាជាជំនួយនេះ យើងស្នើ ឱ្យគាត់ជួយលើផ្នែកបណ្តុះបណ្តាលធនធានមនុស្ស លើបញ្ហាវិស័យសង្គម ទៅលើបញ្ហាវិស័យបរិស្ថាន និងបញ្ហាដទៃទៀត ដែលជាតម្រូវការរបស់យើង ហើយក៏ស្របជាមួយនឹងសមត្ថភាព លទ្ធភាព ដែលរុស្ស៊ីអាចធ្វើទៅបាន»។
កម្ពុជាបានជំពាក់រុស្ស៊ីនៅក្នុងសម័យសង្គ្រាម ប៉ុន្តែចំនួននៃបំណុលនេះ មិនដែលត្រូវបានបង្ហាញតួលេខពិតប្រាកដទេ។ ទោះជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាលជំនាន់ក្រោយ បានអះអាងថា មរតកបំណុលនេះ កម្ពុជាត្រូវសង ប៉ុន្តែបំណុលនេះក៏ត្រូវពិនិត្យផងដែរ។
សម្តេចថា «ម្សិលមិញ ខ្ញុំបានឆ្លៀតដើម្បីស្នើសុំ នាយករដ្ឋមន្រ្តីរុស្ស៊ី បង្កើនអាហារូបករណ៍សម្រាប់និស្សិតរបស់យើងក្នុងនោះគេអាច ដឹងហើយថា យើងនៅមានបំណុលចាស់ ជាមួយរុស្ស៊ីផង និងបំណុលចាស់ជាមួយអាមេរិកផង តែបំណុលចាស់ជាមួយរុស្ស៊ី គឺជាបំណុលដែលអាចពិនិត្យបាន យកទៅធ្វើអ្វីថ្ងៃណា យើងអាចពិនិត្យបាន ប៉ុន្តែបំណុលអាមេរិក គឺជាបំណុលដែលមិនអាច ពិនិត្យបានទេ»។
សម្តេចបានបន្ថែមទៀតថា «យើងមិនដឹងថា លន់ ណុល ខ្ចីយកទៅធ្វើអ្វី ចេះតែមានចំណោទសួរ ជាធម្មតាមរតករបស់រដ្ឋ យើងត្រូវសងហើយ ក៏ប៉ុន្តែសងឱ្យវាត្រឹមត្រូវ គឺយើងអាចសងបាន ដូចជានិយាយថា ខ្ចីយកទៅអភិវឌ្ឍ វិស័យកសិកម្ម អញ្ចឹងសួរថាកសិកម្មអីគេ បើ លន់ ណុល គ្រប់គ្រងតែទីក្រុងភ្នំពេញមួយ ហើយក្រៅពីនោះក្រុមដទៃទៀត ត្រួតពិនិត្យតែនៅទីក្រុង អញ្ចឹងគាត់ទៅធ្វើកសិកម្មនៅទីណា? អញ្ចឹងអាហ្នឹងគេហៅថាបំណុលកខ្វក់»៕