(កណ្តាល)៖ លោក នុត ពុធដារ៉ា ប្រធានក្រុមការងារចុះជួយសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល បានដឹកនាំក្រុមការងារចុះជួយភូមិ បេក្ខជនក្រុមប្រឹក្សាសង្កាត់ សាខាបក្សភូមិ ចុះផ្សព្វផ្សាយគោលនយោបាយគណបក្ស បិទស្ទីកគ័រ ចែកខិត្តបណ្ណ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងសង្កាត់កោះអន្លង់ចិន នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២។

នាឱកាសចុះផ្សព្វផ្សាយគោលនយោបាយបក្ស និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមផ្ទះ, លោក នុត ពុធដារ៉ា បានសុំការគាំទ្របន្ថែមពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានចំពោះ បេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍកសាងសមិទ្ធផលនានាបន្ថែមទៅលើសមិទ្ធផលជាច្រើនរាប់មិនអស់ របស់គណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានោះ លោកប្រធានក្រុមការងារ ក៏បានរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនចេញពីរបបកាប់សម្លាប់ដែលដឹកនាំដោយបនប្រល័យពូជសាសន៍ ប៉ុល ពត។

លោកក៏បានបង្ហាញពីគូណសម្បត្តិរបស់សម្តេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថា «ការដឹកនាំប្រកបដោយភាពឆ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំប្រទេសកម្ពុជា តាំងពីបាតដៃទទេ រហូតមកដល់មានការអភិវឌ្ឍគ្រប់ទីកន្លែង ទូទាំងប្រទេស និងមានមុខមាត់កិត្តិស័ព្ទស្មើមុខ ស្មើមាត់ជាមួយប្រទេសផ្សេងៗលើពិភពលោក»

បន្ថែមពីលើនោះ លោកលើកឡើងពីការស្វែងរកវ៉ាក់សាំងបង្ការកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ទប់បង្ការទប់ស្កាត់ការរាលដាល នៃជំងឺដ៏កាចសាហាវ រហូតធ្វើឱ្យប្រជាជនកម្ពុជាស្ទើរ១០០ភាគរយ បានទទួលវ៉ាក់សាំង ចាប់ពីដូសទីមូលដ្ឋានរហូតដល់ដូសទី៣ ទី៤ ខណៈរដ្ឋាភិបាលកំពុងដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ ជូនមន្ត្រីរាជការជួរមុខជាដើម។ ចំណុចនេះ បានធ្វើឱ្យប្រជាជនកម្ពុជាបានរួចផុតពីការរាតត្បាតនៃជំងឺនេះ ខណៈបណ្តាប្រទេសនានា កំពុងតែបន្តរងគ្រោះដោយជំងឺកូវីដ១៩ ជាដើម។

ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់កោះអន្លង់ចិន បានបន្តថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នឹងបន្តសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កែប្រែស្ថានភាពកម្ពុជាពីប្រទេសមួយក្នុងចំណោម ប្រទេសក្រីក្របំផុតក្នុងពិភពលោក មកជាប្រទេសមានចំណូលមធ្យម កម្រិតទាប គឺជាសមិទ្ធផលដែលបានមកពីការអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយកែ ទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងទូលំទូលាយលើមូលដ្ឋាននៃការពង្រឹងអភិបាលកិច្ចល្អនៅគ្រប់ថ្នាក់ និងគ្រប់ផ្នែក៕