(កំពង់ធំ)៖ លោក តុក កក្កដា ប្រធានក្រុមការងារខេត្តកំពង់ធំចុះជួយមូលដ្ឋានឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលរួមរស់ជាមួយប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន។

លោក តុក កក្ដដា បានថ្លែងក្នុងពិធីជួបសំនេះដំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ នៅទីសាខាគណបក្សឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោកបានលើកឡើងថា «មកទល់ពេលនេះសមិទ្ធផលនានាហេដ្ឋារចនាសម្ព័ន្ធរូបវន្តការអភិវឌ្ឍលើគ្រប់វិស័យ គឺជាស្នាដៃរបស់បក្សប្រជាជនកម្ពុជា មិនមានគណបក្សណាផ្សេងដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍមូលដ្ឋានក៏ដូចជាប្រទេសជាតិទាំងមូល»

ក្នុងនាមលោកជាក្រុមការងារថ្នាក់ខេត្ត និងប្រធានក្រុមការងារថ្នាក់មូលដ្ឋានចុះជួយឃុំ លោកចង់ឱ្យសមាជិកសមាជិកាគណបក្សដែលជាតំណាងបេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ទោះបីជាបេក្ខជនពេញ សិទ្ធិក្តី បេក្ខជនបម្រុងក្តីត្រូវតែខិតខំផ្សព្វផ្សាយពីសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា ឱ្យបានជ្រាបដល់ថ្នាក់មូលដ្ឋាន ពិសេសត្រូវក្តាប់យកព័ត៌មានឱ្យបានដើម្បីកុំឲ្យជនឆ្លៀតឱកាសមួយចំនួន ផ្សព្វផ្សាយបំភ្លៃការពិតដោយ យកផលប្រយោជន៍របស់គណបក្សប្រជាជនកម្ពុជា ត្រូវធ្វើជាលេស និងឧបករណ៍នយោបាយផ្សព្វផ្សាយបំភ្លៃការពិតធ្វើឱ្យមានការភ័ន្តច្រឡំពីបងប្អូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ដែលជាកត្តាធ្វើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការយល់ច្រឡំ និងអស់ទំនុកចិត្តមកលើថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

នៅចុងបញ្ចប់លោកក៏បានសំណូមពរដល់សមាជិកសមាជិកាទាំងអស់ ត្រូវតែរួបរួមគ្នាសាមគ្គីគ្នាជាធ្លុងមួយដើម្បីធ្វើយ៉ាងណាយកជ័យជម្នះឲ្យបានក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឱ្យបានជាដាច់ខាតព្រោះថា មានតែគណបក្សប្រជាជនតែមួយគត់ដែលបានផ្តល់កំណើតទី២ របស់យើងហើយបានបញ្ចប់សង្គ្រាម និងស្វែងរកសន្តិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ៕