(ភ្នំពេញ)៖ តើជំងឺចាស់របស់ក្រុមប្រឆាំងជ្រុលនិយមក្បត់ជាតិចង់រើឡើងវិញឬយ៉ាងណា? ខណៈផែនការជាបន្តបន្ទាប់ ដែលត្រូវបានបែកធ្លាយ សុទ្ធតែជាផែនការដែលបានផ្សារភ្ជាប់នឹងការបោះឆ្នោត ក្នុងនោះមនុស្សជំនិតៗរបស់ទណ្ឌិត សម រង្ស៊ី ជាច្រើនរូបបានចូលមកក្នុងប្រទេសកម្ពុជា នារយៈពេលចុងក្រោយនេះ និងបានសហការធ្វើសកម្មភាពជាមួយក្រុមថ្នាក់ដឹកនាំនៃគណបក្សភ្លើងទៀនយ៉ាងសកម្មក្នុងនោះរួមមានឈ្មោះ ប៊ុត ធារី មកពីប្រទេសបារាំងក្រោយមកបានរត់គេចខ្លួនទៅប្រទេសបារាំងវិញបន្ទាប់ពីបែកធ្លាយព័ត៌មាននិងអៀ ចាន់ណា សកម្មជនអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទរួមគំនិតក្បត់។ នៅ ថ្ងៃទី១ ខែមិថុនានេះ អ្នកស្និទ្ធនឹងក្រុមប្រឆាំងបានទម្លាយផែនការដ៏ក្តៅគគុកមួយរបស់ក្រុមប្រឆាំងដែលពួក គេគ្រោងនឹងកៀរគរមនុស្សឱ្យបានជាង ៣ ម៉ឺននាក់ មកពីបណ្តាខេត្តនានាមកកាន់រាជធានីភ្នំពេញនាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ដើម្បីរួមនឹងកម្លាំងមានស្រាប់នៅរាជធានីភ្នំពេញ។ ផែនការដែលត្រូវបានគេបង្ហើបឱ្យដឹងថា សម រង្ស៊ី បានឱ្យជា មុន្នី និង វន ពៅ រៀបចំកម្លាំងម៉ូតូតុកៗជាង១០០០ គ្រឿង និងកម្លាំងកម្មករកម្មការិនីឱ្យបានច្រើន ដើម្បីរៀបចំផែនការអុកឡុកបំផ្លាញការបោះឆ្នោតនៅកម្ពុជា ឬរៀបចំចាំទទួលមេដឹកនាំរបស់ពួកគេនៅក្រៅប្រទេសមកកាន់ភ្នំពេញ មុនពេលបោះឆ្នោត។
ហេតុអ្វីបានជាក្រុមប្រឆាំងជ្រុលនិយម ដែលដឹកនាំដោយជនក្បត់ជាតិ សម រង្ស៊ី ព្យាយាមបំផ្លាញ សុខសន្តិភាព និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋខ្មែរ និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជាឥតឈប់ឈរយ៉ាងដូច្នេះ? ទណ្ឌិត សម រង្ស៊ី និងគូកនបានធ្វើនយោបាយបំផ្លាញសេចក្តីសុខប្រជាពលរដ្ឋ និងបំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាន និងបានដើរឃោសនាបំភ័ន្តមតិជាតិ និងអន្តរជាតិថារាជរដ្ឋាភិបាលបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប៉ុន្តែតាមពិតគឺពួកក្រុមប្រឆាំងជ្រុលនិយមនេះហើយដែល បានដើរតួនាទីយ៉ាងសំខាន់ប៉ុនប៉ងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការរៀបចំនូវផែនការអុកឡុកការបោះឆ្នោត ឬអំពាវនាវកុំឱ្យពលរដ្ឋទៅបោះឆ្នោតតាមរយៈយុទ្ធសាស្ត្រ «ដេកផ្ទះ ឈ្នះឯង»។ ពួកគេមិនខ្វល់ឡើយថា តើសុខសន្តិភាពដែលកម្ពុជាមាននៅពេលនេះរកបានដោយលំបាកយ៉ាងណានោះទេ និងមិនដឹងថា តើអ្វីដែលជាបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋខ្មែរគឺរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ និងមិនយល់ថាតើការកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាត្រូវឆ្លងកាត់ការលំបាកយ៉ាងណានោះទេ។ ចុះហេតុអ្វីបានជាពួកគេធ្វើអ្វីៗប្រឆាំងនឹងបំណងប្រាថ្នារបស់ប្រជាជន? សម រង្ស៊ី និងបក្ខពួកបានរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ងតាមរយៈបដិវត្តន៍ពណ៌ធ្វើតាំងពីឆ្នាំ២០១៣ មកម៉្លេះ និងមានផែនការបន្តបន្ទាប់ដូចជាយុទ្ធនាការម្រាមដៃស្អាតបំផ្លាញការបោះឆ្នោតឆ្នាំ២០១៨ បំផ្លាញលទ្ធិប្រជា ធិបតេយ្យនៅកម្ពុជា ផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមរយៈផែនការវិលត្រឡប់មកកម្ពុជាវិញ និងកៀរគរកម្លាំងប្រជាពលរដ្ឋដើម្បីធ្វើសកម្មភាពប្រឆាំងនឹងអាជ្ញាធរ។ តាមរយៈរូបភាពលើហ្វេសប៊ុក ឈ្មោះ ប៊ុត ធារី ដែលបានរត់គេចខ្លួនទៅប្រទេសបារាំងវិញ ឃើញថាក្នុងកំឡុង បុគ្គលដែលមានដីកាចាប់ ខ្លួននេះនៅកម្ពុជាបានជួបជុំជាមួយថ្នាក់ដឹកនាំគណបក្សភ្លើងទៀនដូចជា សេង ម៉ារឌី និង ជា មុនី ជាដើម ហើយ អៀ ចាន់ណា បានដើរធ្វើសកម្មភាពនៅតាមបណ្តាខេត្តនានាជាពិសេសក្នុងទឹកដីខេត្តតាកែវ។
ឥឡូវនេះ ខណៈការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នឹងចូលមកដល់ប៉ុន្មានថ្ងៃទៀតនេះ កុ្រមទណ្ឌិត សម រង្ស៊ី បានអនុវត្តនូវទ្រឹស្តីនៃការធ្វើបដិវត្តន៍ពណ៌ តាមសៀវភៅរបស់ជីន សាប ប្រើប្រាស់ឱកាសនៃការបោះឆ្នោតដើម្បីបញ្ឆេះកំហឹងប្រជាពលរដ្ឋ បំផ្ទុះបដិវត្តន៍ពណ៌។ ពួកគេព្យាយាមប៉ុនប៉ងម្តងហើយម្តងទៀតបំផ្លាញដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បំផ្លាញការបោះឆ្នោត ព្រោះពួកគេបានដឹងយ៉ាងច្បាស់ថា ពួកគេនឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋភាគច្រើននោះ ឡើយ និងមិនអាចឈ្នះការបោះឆ្នោត មិនអាចប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាឡើយ។ ដូច្នេះបានជាពួកគេខិតខំប្រឹងប្រែងបំផ្លាញដំណើរការបោះឆ្នោត ឬបង្កើតជាបញ្ហាផ្សេងៗដើម្បីបំភ្លៃថាការ បោះឆ្នោតមិនត្រឹមត្រូវ សេរី និងយុត្តិធម៌ អាចទទួលយកបាន។ មេរៀនទាំងនេះរួមនឹងមេរៀនបដិវត្តន៍ពណ៌ផង ពួកគេធ្លាប់បានអនុវត្តជាច្រើនដងរួចមកហើយ តែត្រូវបានអាជ្ញាធរមានសមត្ថកិច្ចជំនាញ បានបង្ក្រាបទាន់ពេលវេលា និងថែរក្សាសន្តិសុខ និងស្ថិរភាពជូន ប្រជាពលរដ្ឋខ្មែរ រស់នៅក្នុងភាពសុខសាន្តតរៀងមក។ ទណ្ឌិត សម រង្ស៊ី និងបក្ខពួកក្បត់ជាតិរបស់ខ្លួន ត្រូវបានគេដឹងថា នៅតែបន្តដឹកនាំនិងបញ្ជានៅពីក្រោយខ្នង បើទោះបីជាថ្នាក់ដឹកនាំបក្សនេះបានចេញសេចក្តីប្រកាសព័ត៌មានថា បក្សភ្លើងទៀន មិនមានការជាប់ពាក់ព័ន្ធនឹង អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលជាប់បំរាមធ្វើនយោបាយក៏ដោយ។ ប៉ុន្តែសកម្មភាព សារជាសំឡេង និងសំណេរ ព្រមទាំងរូបភាពភស្តុតាងដែលមានបង្ហាញយ៉ាងច្បាស់ថា ទោះពួកគេខិតខំលាក់បាំង និងខិតខំបដិសេធធ្វើជាមិនស្គាល់គ្នា តែការពិតនៅតែជាការពិត គឺទណ្ឌិត សម រង្ស៊ី នៅតែជាម្ចាស់និងជាមេដឹកនាំបក្សភ្លើងទៀន និងធ្វើសកម្មភាពដើម្បីបក្សភ្លើងទៀន។
សេង ធារី និងមៀច សុវណ្ណារ៉ា អាចធ្វើជាសាក្សីបានចំពោះការបង្គាប់ បញ្ជារបស់សម រង្ស៊ីមកលើ គណបក្សភ្លើងទៀន។ ទាំងក្នុងបទសម្ភាសរវាងវិទ្យុឌឺខេមបូឌា ដេលី និងការផ្សាយលើហ្វេសប៊ុកកាលពីខែមីនា ឆ្នាំ២០២២ សេង ធារី ដែលជាប្អូនស្រីរបស់ សេង ម៉ារឌី អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី បច្ចុប្បន្នជាអគ្គលេខាធិការគណបក្សភ្លើងទៀនបានបញ្ជាក់ថា សម រង្ស៊ី នៅតែជាមេដឹកនាំបក្សភ្លើងទៀនដែលសម រង្ស៊ី បានសង្គ្រោះតាមតេឡេពីក្រោយខ្នង។ សេង ធារី បានលើកឡើងថាដើម្បីសង្គ្រោះបក្សភ្លើងទៀន សម រង្ស៊ី បានប្រើប្រាស់មនុស្សជាច្រើននាក់រួមទាំង រ៉ុង ឈុន ស៊ិន ចាន់ពៅរ៉ូហ្សិត និងអ្នកផ្សេងទៀតក្នុងនោះមានគង់ រ៉ៃយ៉ាផងដែរ ហើយចុងក្រោយបានចាប់ឱ្យកូនប្រុសអេង ឆៃអ៊ាង រៀបការភ្លាមៗជាមួយស៊ិន ចាន់ពៅរ៉ូហ្សិត។ សេង ធារី បានលើកឡើងថាផ្ទៃក្នុងគណបក្សភ្លើងទៀនមានភាពរញ៉េរញ៉ៃខ្លាំង។ ការបញ្ជាក់របស់សេង ធារី ថាសម រង្ស៊ីនៅ ពីក្រោយខ្នងនេះក៏បានធ្វើឡើងក្នុងកិច្ចសម្ភាសជាមួយវិទ្យុឌឹខេមបូឌា ដេលីផងដែរហើយ មៀច សុវណ្ណារ៉ា ដែលមានវត្តមានក្នុងកិច្ចសម្ភាសនោះដែរក៏បានបញ្ជាក់ថាមានការឈ្លោះទាស់ទែងគ្នាលើថវិកាដែលប្រមូលបាននៅក្រៅប្រទេស ដែលក្រុម សម រង្ស៊ី ទាមទារឱ្យដកយកមកគាំទ្រគណបក្សភ្លើងទៀនតាមបណ្តាខេត្តនានានៃកម្ពុជាដោយឃោសនាថា «ភ្លើងទៀនជាដួងព្រលឹងគណបក្សសង្គ្រោះជាតិ»។
ជាមួយគ្នានេះដែរ ក្រុមសម រង្ស៊ី និយមដែលបានសុំសិទ្ធិធ្វើនយោបាយ បានចេញមកដឹកនាំគណបក្សភ្លើងទៀន ក៏បានឃោសនាបោកប្រាស់ពលរដ្ឋថា «គណបក្សភ្លើងទៀននិងគណបក្សសង្គ្រោះជាតិ គឺតែមួយ» ។ ការឃោសនាដែលត្រូវបានក្រុម កឹម សុខា និយមតាមរយៈសំឡេងរបស់ មុត ចន្ថាមនុស្សជំនិតរបស់ កឹម សុខា ចេញមកបដិសេធដោយបានលើកឡើងថាជាអំពើបោកប្រាស់ និងបំភ័ន្តមតិ និងបានស្នើកុំឱ្យក្រុមគណបក្សភ្លើងទៀនធ្វើនយោបាយទុច្ចរិត។ ទង្វើរបស់ក្រុមទណ្ឌិត សម រង្ស៊ី និងថ្នាក់ដឹកនាំនិងសកម្មជនគណបក្សភ្លើងទៀន មួយចំនួនដែលធ្វើការឃោសនាបោកប្រាស់ និងកាលដែលអតីតថ្នាក់ដឹកនាំ
គណបក្សសង្គ្រោះជាតិមួយចំនួនដែលជាប់បំរាមនយោបាយ និងជាអ្នកមានទោសជាប់ខ្លួនដូចជា មូរ សុខហួរ អេង ឆៃអ៊ាង ជាដើមយករូបភាពឃោសនារកសំឡេងឆ្នោតរបស់គណបក្សភ្លើងទៀនទៅផ្សព្វផ្សាយនិងជួយឃោសនា ហើយទណ្ឌិត សម រង្ស៊ី ក៏បាននិងកំពុងប្រើប្រាស់វេទិកាជួបជុំរៃអង្គាសលុយពីប្រជាពល រដ្ឋផ្សេងៗដោយប្រើប្រាស់សារនិងរូបភាពភ្លើងទៀននិងខ្មោចគណបក្សសង្គ្រោះជាតិ។
អ្វីដែលក្រុមប្រឆាំងជ្រុលនិយមបានរៀបចំផែនការជាបន្តបន្ទាប់ គឺជាការប៉ុនប៉ងឡើងកាន់អំណាចតាមបដិវត្តន៍ពណ៌ មធ្យោបាយមិនប្រជាធិបតេយ្យ បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។ ពួកគេព្យាយាមបង្កហេតុ បង្កើតបញ្ហាសព្វបែបយ៉ាង រួមនឹងការញុះញង់ និងប្រើប្រាស់វោហាសាស្ត្រស្អប់ខ្ពើម រើសអើងប្រកាន់ជាតិសាសន៍ និងបញ្ឆេះកំហឹងប្រជាពលរដ្ឋ និងបង្កើតជាឈ្នួនបំផ្ទុះបដិវត្តន៍ពណ៌ដែលពួក គេបានរៀបចំផែនការតាំងពីយូរណាស់មកហើយ និងឆ្លៀតឱកាសនៃដំណើរការបោះឆ្នោតដើម្បីបង្កើតបញ្ហា និងទាញយកមកធ្វើជាឈ្នួនផ្ទុះ។ ពួកគេតែងតែចោទប្រកាន់ថារដ្ឋាភិបាលរាជរដ្ឋាភិបាលសម្លាប់លទ្ធិប្រជាធិបតេយ្យ តែតាមពិតគឺពួកប្រឆាំងជ្រុលនិយមផ្ទាល់តែម្តងដែលប៉ុនប៉ងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ហេតុដូច្នេះ បានជាពួកគេព្យាយាមក្នុងការធ្វើជាជនរងគ្រោះតូបនីយកម្ម និងទាញបញ្ហាទាំងឡាយឱ្យចូលជាបញ្ហានយោបាយដើម្បីបញ្ឆេះកំហឹងប្រជាពលរដ្ឋ នេះមិនរាប់បញ្ចូលនឹងការប្រើប្រាស់ការឃោសនាបោកប្រាស់ទឹកចិត្តពលរដ្ឋផង។ សូមក្រុមប្រឆាំងជ្រុលនិយមចងចាំថា ការ ជ្រោងទង់ប្រជាធិបតេយ្យ និងការឡើងកាន់អំណាចនៅកម្ពុជាគឺធ្វើឡើងតាមរយៈការបោះឆ្នោត មិនមែន ប្រើប្រាស់កម្លាំងប្រជាពលរដ្ឋ និងមធ្យោបាយមិនប្រជាធិបតេយ្យដើម្បីឡើងកាន់អំណាំចដូចដអ្វីដែលចៅ ហ្វាយនាយរបស់ខ្លួនបង្ហាត់បង្រៀនឡើយ។ រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែការពារសុខសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យជូនជាតិ និងប្រជាជនកម្ពុជាឱ្យបានជាដាច់ខាត៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២