(ក្រចេះ)៖ លោក យ៉ង សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ និងរដ្ឋបាលខេត្តក្រចេះ បានរៀបចំពិធីអបអរសាទរខួបទី៧៣ ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២២។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស និងអាណាព្យាបាលជាង ៧០០នាក់។
លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ បានលើកឡើងថា ការប្រារព្ធទិវាកុមារអន្តរជាតិនេះឡើង ដើម្បីរំលឹកនូវមហាវិនាសកម្មដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្នុងនោះកុមារត្រូវទទួលរង នូវការកាប់សម្លាប់ ធ្វើទារុណកម្ម បង្ខំឱ្យធ្វើការជាទម្ងន់ បង្អត់អាហារ រស់នៅយ៉ាងលំបាកវេទនាដោយអយុត្តិធម៌ ព្រមទាំងបានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ពិសេសសិទ្ធិកុមារមិនត្រូវបានយកចិត្តទុកដាក់ និងធ្លាក់ចូលក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត។
លោកស្រីអភិបាលរងខេត្ត បានបន្តថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ សិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន៖ សិទ្ធិកុមារផងដែរ ត្រូវបានការពារ និងលើកតម្កើងដោយមានចែងយ៉ាងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ កម្មវិធីនយោបាយ ផែនការ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះលោក យ៉ង សែម បានលើកឡើងថា ប្រទេសកម្ពុជាបានផ្ដល់សច្ចាប័នលើអនុសញ្ញាស្ដីពីកុមារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២១៩២ ដោយក្នុងអតីតកាលកុមារត្រូវបានគេចាត់ទុកគ្រាន់តែជាអ្នករងអំពើ ឬកម្មវត្ថុដែលគេ ប្រព្រឹត្តទៅលើតែប៉ុណ្ណោះ ប៉ុន្តែពេលអនុសញ្ញាស្ដីពីកុមារទទួលស្គាល់កុមារថា ជាមនុស្សដែលមានសិទ្ធិរបស់គេផ្ទាល់ គឺជាសិទ្ធិដែលគេទទួលប្រាស្រ័យដោយគេកើតជាមនុស្ស។ កុមារអាចទាមទារសិទ្ធិរបស់ខ្លួន ពីអ្នកមានភារកិច្ចនានាដូចជា៖ ឪពុក ម្ដាយ និងរដ្ឋ ជាពិសេសមន្ត្រីនគរបាល និងតុលាការដែលមានភារកិច្ចគោរព ការពារ និងបំពេញសិទ្ធិរបស់កុមារ។
លោកបានបន្តថា ជារៀងរាល់ឆ្នាំ ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល បានប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាកុមារមកម្ពុជា ១ មិថុនា ដើម្បីសម្ដែងនូវការគាំពារដល់កុមារ។ ក្រៅពីនេះក៏មានគោលនយោបាយជាច្រើនរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយកុមារ ជាពិសេសគោលនយោបាយជាតិស្ដីពីការគាំពារ និងការអភិវឌ្ឍកុមារតូច គឺតាមរយៈការបង្កើនមណ្ឌលសុខភាព និងសាលារៀនបន្ថែមទៀត ដល់តំបន់ដាច់ស្រយាលនៅទីជនបទ ដើម្បីឱ្យកុមារបានទទួលសេវា សុខាភិបាល ការអប់រំ និងការលើកកម្ពស់អត្រាចូលរៀនរបស់កុមារ ការធ្វើសមាហរណកម្មកុមារពិការ និងជំរុញការអប់រំក្រៅប្រព័ន្ធជាដើម សុទ្ធតែជាគោលការនយោបាយ ដែលរាជរដ្ឋាភិបាលបាននឹងកំពុងធ្វើ និងត្រូវបន្តធ្វើនៅក្នុងអាណត្តិក្រោយទៀត៕