(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានលើកឡើងថា ដើម្បីសន្តិភាព ស្ថិរភាព សុវត្ថិភាព និងការអភិវឌ្ឍ យើងត្រូវជឿជាក់លើគណបក្សប្រជាជន ទាំងអស់គ្នា ហើយសូមបោះឆ្នោតជូនគណបក្សប្រជាជនឲ្យបានគ្រប់ៗគ្នា។
ការលើកឡើងនេះខណៈលោកស្រី ដឹកនាំក្រុមការងារចុះជួបសំណេះសំណាលឃោសនារកសំលេងឆ្នោត និងផ្សព្វផ្សាយគោលនយោបាយបក្ស ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ជាមួយបងប្អូនប្រជាពលរដ្ឋ នៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២។
លោកស្រីបានលើកឡើងថា សូមបងប្អូនមានការជឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជាដើម្បីបន្តការអភិវឌ្ឍ ហើយសមិទ្ធផលទាំងនេះ គឺជាគឺការលះបង់ដ៏ធំធេងរបស់គណបក្សប្រជាជនក្នុងការកសាង និងអភិវឌ្ឍន៍ ឲ្យមានការរីកចំរើនជឿនលឿនទៅមុខជារៀងរហូត។
លោកស្រីបានបន្តថា «ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍ រហូតដល់បច្ចុប្បន្ននេះ ក៏ដោយសារការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយបញ្ញាញាណរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចធ្លាប់បានយកជីវិតធ្វើដើមទុន ឆ្ពោះទៅរកការរំដោះជាតិនាំយកនូវសន្តិភាពពេញលេញជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស ជាពិសេសសម្តេចតេជោ មានទស្សនៈវិស័យវែងឆ្ងាយ ក្នុងការប្រឆាំងជាមួយការរីករាលដាលនូវជំងឺកូវីដ១៩ បានសង្គ្រោះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ឱ្យរួចចាកផុតពីគ្រោះមហន្តរាយដ៏អាក្រក់ ត្រឡប់មកស្ថានភាពល្អប្រក្រតីប្រកបដោយជោគជ័យ»។
ចុងក្រោយលោកស្រី បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បោះឆ្នោតជូនគណបក្សប្រជាជន មានន័យថាជាការបោះឆ្នោតឲ្យខ្លួនឯង បោះឆ្នោតការពារសុខសន្តិភាព និងការអភិវឌ្ឍន៍ រក្សាខ្ជាប់ឥតប្រែប្រួលតំណាងដ៏បរិសុទ្ធ នៃផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនកម្ពុជា ហើយប្តេជ្ញាជម្នះរាល់ឧបសគ្គ និងហ៊ានធ្វើពលិកម្មមិនរុញរាសំដៅកសាងប្រទេសកម្ពុជាមួយដោយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិតេយ្យ និងវឌ្ឍនភាព ពិសេសសូមបោះឆ្នោតគាំទ្រជូនដល់បេក្ខជនមកពីគណបក្សប្រជាជនកម្ពុជានៅឃុំត្រពាំងឬស្សីដែលឈរនៅលេខរៀងទី១៕