(ភ្នំពេញ)៖ ថ្លែងក្នុងជំនួបពិភាក្សាជាមួយលោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងពីការ អនុវត្តច្បាប់សហជីពថា ច្បាប់នេះ នឹងឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ កម្មករនិយោជិត និងក្រុមសហជីព ក៏ដូចជា ដៃគូពាណិជ្ចកម្មដោយមិនមាន ការប្រកាន់និន្នាការនយោបាយ ណាមួយឡើយ។

ក្នុងជំនួបពិភាក្សានេះលោក William A. Heidt បានលើកឡើងពីការព្រួយបានរម្ភ ចំពោះការអនុវត្ត ច្បាប់សហជីពថា «កន្លងមក មានប្រទាញប្រទង់ តវ៉ា ពីសំណាក់កម្មករ និងក្រុមសហជីពមួយចំនួន ពីការមិនគាំទ្រ និងមិនព្រមទទួលយកការអនុម័តច្បាប់នេះ»។ ឆ្លើយតបនឹងបញ្ហានេះលោករដ្ឋមន្រ្តី បានបញ្ជាក់ពន្យល់ថា « រាជរដ្ឋាបាលកម្ពុជា បានសម្រេចបានការអនុម័តច្បាប់សហជីព ដោយច្បាប់នេះ នឹងអនុវត្តដោយរលូន ដែលធានាបាននូវការផ្ដល់ផលប្រយោជន៍ ទៅគ្រប់ភាគី ជាពិសេសមានការផ្ដល់សិទ្ធិសេរីភាព ទៅដល់បណ្ដាកម្មករនិយោជិត ក្រុមសហជីព ឱ្យបានស្មើគ្នា ដោយមិនប្រកាន់និន្នាការ ខាងណាឡើយ និងមានការពារសន្តិសុខ សណ្ដាប់ធ្នាប់ជម្រុញឱ្យរោងចក្រ សហគ្រាស បង្កើនការយកចិត្តទុកដាក់ដល់សុខភាព សុវត្ថិភាពកម្មករឱ្យបានដិតដល់»។

លោក អ៉ិត សំហេង បានបន្តថា ដើម្បីទាក់ទាញអ្នកវិនិយោគទុនបរទេស ឱ្យមកបណ្ដាក់ទុននៅប្រទេសកម្ពុជា កាន់តែច្រើននិងបង្កើន ឱកាសការងារជូនប្រជាពលរដ្ឋ ឱ្យកាន់សម្បូរបែប ក្រសួងការងារ បានបង្កើតនូវការងារពិសេសមួយ គឺប្រព័ន្ធសន្តិសុខសង្គម ដោយមានការធានារាប់រងការងារ និងបង្កើតឱ្យមានការគិតគូ សុខភាពជូនប្រជាពលរដ្ឋ ហើយនេះ ជាសារព័ត៌មានដ៏ល្អមួយ សម្រាប់បង្ហាញទៅពិភពលោក ក៏ដូចជាដៃគូពាណិជ្ជកម្ម បានមើលឃើញពីការគិតគូរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈម នានាជូនប្រជាពលរដ្ឋ កម្មករនិយោជិត នៅប្រទេសកម្ពុជា។  

សូមរំលឹកថា  កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ នៅក្នុងពិធីប្រារព្ធទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារ លោក អ៉ិត សំហេង បានអះអាងថា ក្រសួងការងារ បាននិងកំពុងការដាក់ចេញនូវផែនការ ផ្តល់ដំណោះស្រាយពីបញ្ហាការងារ ជូនប្រជាពលរដ្ឋនៅកម្ពុជា ឱ្យកាន់តែប្រសើរ៕