(កណ្តាល)៖ លោក ស៊ុន ចាន់ថុល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានចុះជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជានៅក្នុងឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ប្រមាណ៦៦៥នាក់ ដោយមានការចូលពី អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោក លោកស្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងលោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុក ឃុំ ភូមិ គណៈអចិន្ត្រៃយ៍គណបក្សស្រុក គណៈអចិន្ត្រៃយ៍គណបក្សឃុំពោធិបាន និងសមាជិកគណបក្ស ប្រជាជនកម្ពុជាទូទាំងឃុំ។

ថ្លែងនាឱកាសនោះ លោកបានគូសបញ្ជាក់ពីដំណើរវិវត្តន៍ប្រកបដោយភាពវិជ្ជមាននៃសភាពការណ៍ទូទៅរបស់កម្ពុជា បង្កលក្ខណៈសម្បត្តិល្អ ប្រសើរដល់ដំណើរការអភិវឌ្ឍគ្រប់វិស័យ ទោះបីស្ថានភាពជំងឺកូវីដ១៩ ក្នុងពិភពលោកនៅមានភាពស្មុគស្មាញយ៉ាងណាក្ដី។

លោកបានបញ្ជាក់ថា ស្ថានភាពអំណោយផលនេះបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសង្គមជាតិកាន់តែមានភាពប្រសើរឡើង ក្រោមដំបូលសុខសន្តិភាព បង្រួបបង្រួមជាតិ និងការអភិវឌ្ឍ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

លោកបានលើកឡើងអំពីគម្រោងជួសជុលកែលម្អមណ្ឌលសុខភាពនានានៅក្នុងស្រុកកោះធំ ដើម្បីផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង បន្ថែមទៀត ជាពិសេសមណ្ឌលសុខភាពដែលនៅឆ្ងាយពីមន្ទីរពេទ្យ តេជោសែនកោះធំ គម្រោងដាក់អំពូល ភ្លើងសូឡាបំភ្លឺផ្លូវដែលបានសាងសង់រួច ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសមិទ្ធផលសំខាន់ៗជាច្រើនទៀតរួមមាន៖ ផ្លូវកៅស៊ូ ស្ពានឆ្លងទន្លេបាសាក់ ផ្លូវបេតុងខ្វាត់ខ្វែងឆ្លងកាត់ពី ឃុំមួយទៅឃុំមួយ ពីភូមិមួយទៅភូមិមួយស្ទើរតែទាំងអស់ ប្រឡាយទឹក អណ្ដូងទឹក និងសាលារៀន ជាដើម។

ជាមួយគ្នានោះលោកក៏បានអំពាវនាវដល់បងប្អូនសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងឃុំពោធិបាន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងស្រុកកោះធំ សូមប្រកាន់ខ្ជាប់ និងប្រតិបត្តិឱ្យបានត្រឹមត្រូវនូវក្រមសីលធម៌ ទាំងឡាយដែលមានចែងក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីធានាឱ្យបរិយាកាសនៅក្នុងដំណើរការ ឃោសនាបោះឆ្នោតថ្ងៃស្ងប់ស្ងាត់ ថ្ងៃបោះឆ្នោត រាប់សន្លឹកឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលបោះឆ្នោត ផ្លូវការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយសុខសុវត្ថិភាព។

លោកក៏បានផ្តាំផ្ញើដលប្រជាពលរដ្ឋឱ្យទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី៣ នៅលើសន្លឹកឆ្នោតសម្រាប់ឃុំពោធិបាន ដោយនាំយកទៅជាមួយនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតផងដែរ។

សូមជម្រាបជូនថា សមិទ្ធផលសម្រេចបានដែលក្រុមការងារគណបក្សបានកសាងសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងឃុំពោធិ ស្រុកកោះធំ បានមានដូចជា៖ ធ្វើផ្លូវបេតុងប្រវែង៣,៥៧៨ម៉ែត្រ ស្ដារ ប្រឡាយ៣ខ្សែប្រវែង៩៥០ម៉ែត្រ មានអណ្ដូងស្នប់១០អណ្ដូង នៅភូមិក្បាលជ្រោយ មានបង្គោលភ្លើង៥០ដើមនៅភូមិព្រែកម្រេញ មានស្ពានបេឡេត៍១កន្លែង នៅភូមិព្រែកតាដុស៕