(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានថ្លែងថា លោកបានត្រៀមម៉ូតូសម្រាប់ផ្តល់ឱ្យកូនក្មួយរូបណា ដែលបានប្រលងជាប់និទ្ទេសA នៅគ្រប់សម័យកាលក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ ដើម្បីជាការលើកទឹកចិត្តកូនក្មួយដែលបានខិតខំរៀនសូត្រ។ លោកថា លោកមិនខ្លាចនឹងផ្តល់ឱ្យនោះទេ ទោះបីកូនក្មួយប្រលងជាប់និទ្ទេសA ច្រើនប៉ុណ្ណាក៏ដោយ ប៉ុន្តែអ្វីដែលធ្វើឱ្យលោកខ្លាច គឺកូនក្មួយមិនខិតខំរៀនសូត្រហើយប្រលងយកនិទ្ទេសA មិនបាន។

ថ្លែងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ក្នុងពិធីប្រារព្ធទិវាកុមារអន្តរជាតិខួបលើកទី៧៣ នាសាលប្រជុំបណ្ណាល័យ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ការប្រឡងជាប់និទ្ទេសA បានច្រើន វាបានផ្ដល់នូវមហាកិត្តិយសសម្រាប់ខ្លួនឯង សម្រាប់សង្គមគ្រួសារ និងនាំកិត្តិយសសម្រាប់ខេត្តកំពង់ស្ពឺទាំងមូល ព្រមទាំងបានចូលរួមអភិវឌ្ឍន៍ផ្នែកសិក្សាអប់រំដល់មនុស្សជំនាន់ថ្មីបន្តទៀតផងដែរ។

លោកបន្តថា ទន្ទឹមនឹងការខិតខំប្រឹងប្រែងរៀនសូត្រនេះដែរ វាក៏បានបង្ហាញពីឈាមជ័រអ្នកខេត្តកំពង់ស្ពឺ ដែលជាខេត្តអ្នកប្រាជ្ញ និងអ្នកឧស្សាហ៍ព្យាយាម។ មិនតែប៉ុណ្ណោះ ក៏បានបង្ហាញឱ្យខេត្តដទៃឃើញថា កំពង់ស្ពឺមិនមែនជាប៊ុមប៊ឺរលាក់កងជើង ដែលគេគ្រប់គ្នាតែងតែហៅនោះទេ ហើយក៏មិនមែនជាខេត្តមានប្រជាពលរដ្ឋខ្ជិលច្រអូសនោះដែរ។

ជាមួយនោះ លោក វ៉ី សំណាង បានធ្វើការក្រើនរំលឹកដល់អាណាព្យាបាលទាំងអស់ ចូលរួមជំរុញកូនៗបានចូលសិក្សាឱ្យបានគ្រប់ៗគ្នា ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ទ្រទ្រង់ប្រទេសជាតិ និងធ្វើជាទំពាំងស្នងឬស្សីសម្រាប់ដឹកនាំប្រទេសជាតិតពីថ្នាក់ដឹកនាំ៕