(ស្រីលង្កា)៖ ប្រជាជនស្រីលង្កាប្រមាណពី៣០០ ទៅ៤០០នាក់ត្រូវបានអាជ្ញាធរអះអាងថា កំពុងតែជាប់ខ្លួននៅឡើយ ក្រោមគំនរដីបាក់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លំាងជាប់គ្នាបីថ្ងៃ នៅប្រទេសដីកោះនៃមហាសមុទ្រ ឥណ្ឌាមួយនេះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Channel News Asia នារសៀល ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១៦។
រហូតមកដល់ថ្ងៃពុធនេះ មនុស្សជិត ២០០,០០០នាក់ហើយ បានបង្ខំចិត្តជម្លៀសខ្លួនចេញពី លំនៅដ្ឋានរបស់ពួកគេ ដែលស្ថិតនៅភាគកណ្តាលប្រទេស ស្របពេលដែលមនុស្សស្លាប់ជាក់ស្តែង បង្កឡើងដោយគ្រោះធម្មជាតិអាក្រក់បំផុតក្នុងឆ្នាំនេះ បានកើនឡើងដល់៣៥នាក់។ អាជ្ញាធរកំពុង តែបន្តជីកកកាយរកមនុស្សជិត ៤០០នាក់ទៀត ដែលត្រូវបានគេះអាងថាកំពុងជាប់ក្រោមគំនរដី ហើយដែលចំនួនមនុស្សស្លាប់ក៏ត្រូវបានគេរំពឹងទុកថា នឹងកើនឡើងច្រើនថែមទៀតដែរ។
គួរបញ្ជាក់ថា ការបាក់ដីបានកើតឡើងជាច្រើនកន្លែងធំៗដូចជានៅតំបន់ Aranayaka និងមួយទៀតនៅ Nanayakkara ដែលសរុបមនុស្សរងគ្រោះអាចមានជាង ៥០០នាក់ឯណោះ ដែលកំពុងបាត់ខ្លួន។ រហូតមកទល់នឹងពេលនេះអាជ្ញាធរស្រីលង្កា កំពុងបង្កើតការជួយសង្គ្រោះ ប្រជាជន ដោយមានការចូលពីកាកបាតក្រហម និងយោធា៕