(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំ ដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ឲ្យជំរុញល្បឿន និងកែលម្អរសេវានៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋក្នុងការទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ប្រើប្រាស់បានគ្រប់ៗគ្នា។
នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ បានធ្វើការណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំនួន៤ចំណុចសំខាន់ៗ រួមមាន៖ ទី១.ត្រូវតាមដានដោយផ្ទាល់លើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពីសំណូមពររបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធការងារផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីចាត់វិធានការដោះស្រាយឲ្យបានទាន់ពេលវេលា និងទទួលខុសត្រូវខ្ពស់ ក្នុងករណីហួសពីសមត្ថកិច្ច ត្រូវរាយការណ៍ជាបន្ទាន់មក អគ្គនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ទី២.ត្រូវជំរុញការផ្សព្វផ្សាយអប់រំ និងជូនដំណឹងឲ្យបានសកម្ម ផុសផុលដល់ប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយ រូបភាពដោយ ត្រូវចុះទៅដោយផ្ទាល់តាមតំបន់ផ្សារ ទីប្រជុំជននានា នៅតាមខ្នងផ្ទះ សំដៅលើកកំពស់ការយល់ដឹង និងការទាក់ទាញការចូលរួម។
ទី៣.ត្រូវតាមដានត្រួតពិនិត្យជាអចិន្រ្តៃយ៍ និងជំរុញពន្លឿននៃការបញ្ជូនទិន្នន័យ ឲ្យបានឆាប់រហ័សមកកាន់ អគ្គនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយត្រូវអនុវត្តឲ្យបានត្រឹមត្រូវស្របតាមគោលការណ៍ កំណត់អំពីរយៈពេល នៃការផ្តល់អត្តសញ្ញាណប័ណ្ណ។
ទី៤.ត្រូវមកបើកទទួលយកសន្លឹក អត្តសញ្ញាណប័ណ្ណបោះពុម្ពរួច ពីអគ្គនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅតាមការជូនដំណឹង និងត្រូវធ្វើតាមការបែងចែកជូនភ្លាមៗដល់ដៃប្រជាពលរដ្ឋ។ គួររំលឹកឲ្យដឹងថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែឧសភា បានផ្តល់លេខទូរស័ព្ទ៣ខ្សែ ជូនដល់ប្រជាពលរដ្ឋ ដើម្បីឱ្យរាយការណ៍ចំពោះករណីដែលខ្លួនមិនទាន់ ទទួលបានអត្តសញ្ញាណបណ្ណគំរូថ្មី ក្រោយពេលបំពេញបែបបទ សុំអត្តសញ្ញាណបណ្ណរួចរាល់៣០ថ្ងៃ។ លេខទូរស័ព្ទ៣ខ្សែនោះ មានដូចជា៖ ០១២២៥៨ ៨៥៨/ ០១២ ៨៨០ ៩៩០ និង០១៦ ៨០ ៨០ ២០ ដែលអង្គភាពនេះបានទុក សម្រាប់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ចំពោះភាពមិនប្រក្រតីនៃការធ្វើអត្តសញ្ញាណបណ្ណ នៅទូទាំងប្រទេស។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យមន្រ្តីជំនាញនានា ពន្លឿនការធ្វើអត្តសញ្ញាបណ្ណជូនប្រជាពលរដ្ឋ ហើយឱ្យប្រជា ពលរដ្ឋ រាយការណ៍បើសិនជាមានមន្រ្តីនៅមូលដ្ឋានមានភាពអសកម្ម នៅក្នុងដំណើរការធ្វើអត្តសញ្ញាណបណ្ណ។ ការអំពាវនាវជាថ្មី របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនបានរាយការណ៍ អំពីភាពយឺតយ៉ាវ ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូន ពួកគេ។
ពលរដ្ឋបានរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែនថា រយៈពេលនៃការធ្វើអត្តសញ្ញាណប័ណ្ណ នៅតាមមូលដ្ឋានរបស់ពួកគេគឺ យូរខ្លាំងណាស់ អ្នកខ្លះរហូតដល់ជាងមួយ ឆ្នាំក៏មាន ហើយមិនទាន់បានទទួល ID នៅឡើយ។ ទោះជាយ៉ាងណា បើតាមការប្រកាសរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រហូតដល់ពេលនេះ ខ្លួនបានធ្វើអត្តសញ្ញាបណ្ណគំរូថ្មី ជូនប្រជាពលរដ្ឋខ្មែរចំនួន ៨.២លាននាក់ហើយ។ អគ្គនាយកដ្ឋាននេះ ក៏បានអំពាវនាវដល់យុវជន ដែលមានអាយុចាប់ពី១៥ឆ្នាំឡើង ហើយមិនទាន់មានអត្តសញ្ញាបណ្ណ ទៅធ្វើអត្តសញ្ញាណបណ្ណឱ្យបានគ្រប់ៗគ្នាផងដែរ៕