(ភ្នំពេញ)៖ បន្ទាប់ពីលាតត្រដាងអំពីផែនការរបស់ ទណ្ឌិត សម រង្ស៉ី ដែលបញ្ជូនមនុស្សជំនិត ដើម្បីរៀបចំផែនការអុកឡុកការបោះឆ្នោតនោះ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ ហ្វេសបុក «Jasmine Angkor» ក៏បានទម្លាយការសម្ងាត់មួយថ្មីទៀត ដោយបញ្ជាក់ថា ឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី (Theirry Buth) ដែលជាមនុស្សជំនិតរបស់ លោក សម រង្ស៉ី បានរត់គេចខ្លួនទៅប្រទេសបារាំងវិញហើយ ក្រោយរដ្ឋាភិបាលដឹងអំពីផែនការទុច្ចរិតនេះ។

តាមរយៈហ្វេសបុករបស់ខ្លួន «Jasmine Angkor» បានរៀបរាប់ថា៖ «ថ្ងៃមុនបន្ទាប់ពីខ្ញុំបញ្ចេញព័ត៌មានអំពីផែនការទុច្ចរិត ឥឡូវឈ្មោះ ប៊ុត ធារី បានរត់គេចខ្លួនទៅប្រទេសបារាំងវិញដោយសុវត្ថិភាពហើយ នៅឡើយតែបក្សពួកខ្លួនគឺ អៀរ ចាន់ណា ដែលត្រូវបានគណបក្សកាន់អំណាចដឹងពីផែនការ ហើយត្រូវបានឃាត់ខ្លួនកាលពីពេលថ្មីៗនេះ។ តាមព័ត៌មានផ្ទៃក្នុងរបស់បក្សភ្លើងទៀន គឺបានទទួលផែនការពី លោកសម រង្សី ប្រមូលកម្លាំងពីខេត្តឡើងភ្នំពេញឱ្យបានយ៉ាងតិច៣ម៉ឺននាក់ ដោយឱ្យជា មុន្នី ប្រមូលកម្មករ និង វន ពៅ ប្រមូល PassApp ឱ្យបានជាងមួយពាន់គ្រឿង»

ហ្វេសបុក «Jasmine Angkor» បានរៀបរាប់ទៀតថា៖ «បើតាមការយល់ឃើញរបស់ខ្ញុំ បក្សភ្លើងទៀនគឺមានផែនការអុកឡុកបំផ្លាញការបោះឆ្នោតនៅកម្ពុជា ឬរៀបចំចាំទទួលមេរបស់ពួកនៅក្រៅប្រទេសមកភ្នំពេញមុនពេលបោះឆ្នោត។ ខ្ញុំគិតថា សមត្ថកិច្ចនៅមិនទាន់ដឹងរឿងនេះទេ គួរតែមានការប្រុងប្រយ័ត្ន និងទប់ស្កាត់ឱ្យបាន»

កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចបានចាប់ខ្លួន លោក អៀ ចាន់ណា ដែលជាតំណាងយុវជននៃអតីតគណបក្សសង្រ្គោះជាតិប្រទេសន័រវេ (Norway) នៅក្បែរផ្សារអ៉ីអន រាជធានីភ្នំពេញ តាមដីការបស់តុលាការ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់។ បន្ទាប់ពីមានការឃាត់ខ្លួននេះ លោក អៀ ចាន់ណា ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន សម្រេចចេញដីកាឃុំខ្លួន នៅពន្ធនាការព្រៃស៕