(ភ្នំពេញ)៖ រយៈពេល ៥ខែឆ្នាំ២០១៦នេះ រន្ទះ បានបាញ់សម្លាប់មនុស្ស ២៩នាក់ និងរងរបួស ៣៥នាក់ ខណៈខ្យល់កន្រ្តាក់សម្លាប់មនុស្ស ៧នាក់ និង របួស ៩៧នាក់ និង ធ្វើឲ្យផ្ទះប្រជាពលរដ្ឋជាង ៥ពាន់ខ្នង។ នេះបើតាមការបញ្ជាក់ពីលោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា អនុ ប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ។
លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា បានបញ្ជាក់ឲ្យដឹងថា រយៈពេល ៥ខែដើមឆ្នាំ២០១៦នេះ ខ្យល់ព្យុះកំបុតត្បូង កន្រ្តាក់ រន្ទះបាញ់ ភ្លៀង បានកើតឡើងចំនួន ១១១ករណី កើនឡើងច្រើនបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ កន្លងទៅនេះ។
លោកទេសរដ្ឋមន្រ្តី បានបន្តថា «ខ្យល់ព្យុះកំបុតត្បូង កន្រ្តាក់ រន្ទះបាញ់ ភ្លៀង បានបំផ្លាញផ្ទះប្រជាពលរដ្ឋខូចខាតទាំងស្រុង និង ជាមធ្យម សរុប គឺមានចំនួន ៥១១០ខ្នង និង ខូចខាចអាចជួសជុលបាន មានចំនួន ៤៤០ខ្នង»។
អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ឲ្យដឹងទៀតថា ចំពោះយុទ្ធនាការចែកទឹកនៅតាមតំបន់ខ្វះខាត មួយចំនួន នៅទូទាំងប្រទេស គឺក្រុមការងារ បំពេញបេសសកម្ម បានប្រហែលពី ៩០ភាគរយទៅ ៩៣ភាគរយហើយ។ មានន័យថា យុទ្ធនា ការនេះ កំពុងតែមានការថយចុះជាងមុន ដោយសារតែរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋទទួលបានទឹកភ្លៀងស្ទើរទូទាំងប្រទេស។
យ៉ាងណាក៏ដោយ យុទ្ធនាការចែកទឹកជូនប្រជាពលរដ្ឋ នៅតែបន្តដរាបណា នៅមានប្រជាពលរដ្ឋខ្វះខាតទឹកសម្រាប់ប្រើប្រាស់នៅតាមតំបន់ មួយចំនួន នៅទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា៕