(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទី១១ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។

បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ក្នុងថ្ងៃទី១១មួយនេះ គណបក្សនយោបាយបានធ្វើសកម្មភាពឃោសនាជាអាទិ៍ ការហែក្បួន ការជួបប្រជុំ ការចែកខិត្តប័ណ្ណ និងការចាក់មេក្រូផ្សព្វផ្សាយ នៅតាមមណ្ឌលបោះឆ្នោតនីមួយៗ។

ជាមួយគ្នានេះ គ.ជ.ប តាមការកត់សម្គាល់ នៅខេត្តព្រៃវែង គណបក្សភ្លើងទៀន បានធ្វើសកម្មភាពឃោសនាចំនួន ១១៦ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួនចំនួន ៣ឃុំ សង្កាត់ គណបក្សសញ្ជាតិកម្ពុជា ចំនួន ១៤ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួនចំនួន ១ឃុំ គណបក្សហ៊្វុនស៊ិនប៉ិច ចំនួន ៦ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួនចំនួន ៣ឃុំ សង្កាត់ គណបក្សយុវជនកម្ពុជា ចំនួន ៤ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួនចំនួន ១ឃុំ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ចំនួន ២ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួន ចំនួន ១ឃុំ គណបក្សប្រជាជនកម្ពុជា ចំនួន ១១៦ឃុំ សង្កាត់ គណបក្សកម្ពុជានិយម ចំនួន ៨ឃុំ សង្កាត់ គណបក្សខ្មែររួបរួមជាតិ ចំនួន ៧ឃុំ សង្កាត់ គណបក្សខ្មែរស្រឡាញ់ជាតិ ចំនួន ៥ឃុំ សង្កាត់ គណបក្សឆន្ទៈខ្មែរ ចំនួន ៤ឃុំ សង្កាត់ និងគណបក្សខ្មែរតែមួយ ចំនួន ១ឃុំ។

ដោយឡែកនៅខេត្តឧត្ដរមានជ័យ គណបក្សភ្លើងទៀន បានហែក្បួនចំនួន ២ឃុំ ហើយគណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សខ្មែរស្រឡាញ់ជាតិ បានធ្វើការជួបប្រជុំ ចែកខិត្តប័ណ្ណ និងចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងនៅតាមភូមិក្នុងឃុំ សង្កាត់មួយចំនួន។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយរាល់សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕