(តាកែវ)៖ នៅស្រុកបាទី បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ និងភ្នាក់ងាររបស់គណបក្សភ្លើងទៀនចំនួន ២៣នាក់ នៅតាមឃុំមួយចំនួន បានសម្រេចចិត្តដាក់ពាក្យលាលែងពីបេក្ខជនឈរឈ្មោះ និងបានសុំលាលែងពីសមាជិកគណបក្ស។ មិនតែប៉ុណ្ណោះ ក៏មានសកម្មជននិងសមាជិករបស់គណបក្សភ្លើងទៀន និងគណបក្សដទៃទៀតសរុប ១៧២០នាក់ បានសម្រេចចិត្តលាលែងពីសមាជិកគណបក្សរបស់ខ្លួនដើម្បីមកចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាផងដែរ។
ការលាឈប់នេះ គឺដោយសារថ្នាក់ដឹកនាំរបស់គណបក្ស ពុំមានសមត្ថភាព ពុំបានសម្រេចកិច្ចការអ្វីបានជាដុំកំភួនឡើយ។ ចំពោះគណបក្សភ្លើងទៀនវិញ សមាជិកដែលបានចាកចេញយល់ស្របគ្នាថាគណបក្សនេះ តែងតែដើរសន្យាខ្យល់ តែធាតុពិតគណបក្សនេះគឺគ្មានគោលនយោបាយអ្វីដែលច្បាស់លាស់ទាល់តែសោះក្នុងការដោះស្រាយជូនប្រជាជនឡើយ។ ចំណែកឯ ថ្នាក់ដឹកនាំគឺគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួករបស់ខ្លួន ដោយរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង ផ្លាស់ប្តូរលេខរៀងបេក្ខជនតាមតែអំពើចិត្ត និងមិនព្រមស្តាប់ការផ្តល់យោបល់ពីថ្នាក់ក្រោមឡើយ។
លោក ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបាទី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិក សមាជិកាថ្មីទាំងអស់ ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយមើលឃើញយ៉ាងច្បាស់អំពីភាពខ្លាំងរបស់គណបក្សប្រជាជន ដែលមានសម្តេចតេជោប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សតែងតែយកចិត្តទុកដាក់ និងគិតពីផលប្រយោជន៍ជាតិ ហ៊ានប្តូរជីវិតដើម្បីស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជាឲ្យរស់នៅសុខសាន្ត។ ជាពិសេស ក្នុងស្ថានភាពកូវីដ-១៩ ដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ពួកយើងទាំងអស់គ្នាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាន់ពេលវេលា ដែលបានសង្គ្រោះជីវិតរបស់ប្រជាជនរួចពីជំងឺកាចសាហាវទាន់ពេលវាលា និងមានប្រសិទ្ធភាព។
លោកជឿជាក់យ៉ាងមុតមាំថា សមាជិក សមាជិកាថ្មី នឹងចូលរួមធ្វើសកម្មភាពដ៏ខ្លាំងក្លានៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាបកាន់តែច្បាស់ពីស្នាដៃ និងគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ក្នុងកិច្ចការកសាងកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ៕