(កំពង់ធំ)៖ ប្រជាពលរដ្ឋនៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ សរុបចំនួន៨៨៩គ្រួសារ ទទួលបានដីកាន់កាប់ និងអាស្រ័យផលនៅទីតាំងដែលធ្លាប់រស់នៅ និងអាស្រ័យផលតាំងពីយូរឆ្នាំមកហើយ ដែលមានចំនួន២,៣១២ហិកតា ស្មើនឹង១,០៨៥ក្បាលដី។ នេះបើតាមយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីលេខ ៣៩៣ សជណ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។
ភូមិគោកត្របែក គឺជាភូមិដាច់ស្រយាលមួយដែលនៅក្នុងតំបន់៣នៃតំបន់ជុំវិញបឹងទន្លេសាប ក្បែរព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង ពោលគឺក្បែរនឹងបឹងទន្លេសាបតែម្ដង ជាភូមិលិចទឹកនៅរដូវទឹកឡើង។
នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះដែរ លោក ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំមន្ត្រីចុះផ្សព្វផ្សាយអំពីប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងអនុក្រឹតរបស់រាជរដ្ឋាភិបាលលេខ ១០៥ អនក្រ.បក ស្ដីពីការការកែសម្រួលផ្ទៃដីទំហំ៦,៣៨៥ហិកតា ចេញពីតំបន់៣បញ្ចូលមកតំបន់២នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងប្រគល់ជូនប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផល។
លោក ងួន រតនៈ បានបញ្ជាក់ថា ទំហំដីសរុប៦,៣៨៥ហិកតានេះ ក្នុងនោះក៏មានការកាត់ជូនប្រជាពលរដ្ឋនៅភូមិគោកត្របែកចំនួន២,៣១២ហិកតាផងដែរ ខណៈប្រជាពលរដ្ឋដែលត្រូវទទួលបានគឺមានចំនួន៨៨៩គ្រួសារ ស្មើនឹង១,០៨៥ក្បាលដី។ ពួកគាត់ជាអ្នករស់នៅនិងធ្វើស្រែតាំងពី១០ឆ្នាំឡើងទៅ ពោលគឺចាប់ពីឆ្នាំ២០១២ថយក្រោយ។
លោកប្រធាន ថោង ខុន បានរំលឹកនូវប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី អំពីការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋនៅតំបន់ជុំវិញបឹងទន្លេសាប។ ការប្រគល់ជូនប្រជាពលរដ្ឋនេះទៀតសោត ក៏មិនមែនជាដីព្រៃលិចទឹកនោះដែរ ព្រោះសម្ដេចតេជោបានបញ្ជាក់ច្បាស់ហើយ គឺត្រូវរួមគ្នាការពារព្រៃលិចទឹក ពិសេសបន្ទាប់ពីប្រគល់ជូនប្រជាពលរដ្ឋហើយ ប្រជាពលរដ្ឋមិនអាចកាប់ទន្ទ្រានព្រៃលិចទឹកទៀតនោះឡើយ។
លោក ប៉ុល ឈិន មេឃុំស្រឡៅ ព្រមទាំងមេភូមិ និងប្រជាពលរដ្ឋនៅភូមិគោកត្របែកបានសម្ដែងនូវការត្រេកអរយ៉ាងក្រៃលែងនៅពេលបានដឹងថា សម្ដេចតេជោនាយករដ្ឋមន្ត្រីសម្រេចប្រគល់ជូនពួកគាត់បង្កបង្កើនផលស្រែស្រូវ និងបានថ្លែងអំណរគុណចំពោះសម្ដេចតេជោយ៉ាងអនេក ដែលបានគិតគូរចំពោះពួកគាត់ជាប្រជាពលរដ្ឋដែលមានតម្រូវការពិតប្រាកដ។
លោក ថោង ខុន បានស្នើយ៉ាងទទួចទៅកាន់ប្រជាពលរដ្ឋនៅភូមិគោកត្របែកថា នៅពេលទទួលបានដីកាន់កាប់ និងអាស្រ័យផលនេះពីប្រមុខរាជរដ្ឋាភិបាលហើយ សូមកុំលក់ឱ្យអាជីវករ ឬអ្នកវិនិយោគណាផ្សេងឡើយ។
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំរូបនេះបានបញ្ជាក់ទៀតថា ការប្រគល់ដីជូនប្រជាពលរដ្ឋពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រីនេះ គឺបានឆ្លុះបញ្ចាំងពីភាពឈ្លាសវៃក្នុងការដឹកនាំរបស់សម្ដេចតេជោ ដែលមានគុណធម៌ មានសុភវិនិច្ឆ័យ គិតគូរខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ «ពិសេសគឺការពារតំបន់ជុំវិញបឹងទន្លេសាបបានផង ការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋបានផង»។
លោកអភិបាលខេត្ត ងួន រតនៈ បានឱ្យដឹងដែរថា ការកាត់ឆ្វៀលដីតំបន់បីជូនប្រជាពលរដ្ឋនេះ គឺមិនត្រូវធ្វើហួសពីបង្គោលព្រំដែលបានកំណត់នោះឡើយ ដូច្នេះប្រជាពលរដ្ឋ មេឃុំ ក្រុមការងាររដ្ឋបាលស្រុក រដ្ឋបាលខេត្ត និងមន្ទីរ-ការិយាល័យពាក់ព័ន្ធ ត្រូវមានភាពច្បាស់លាស់ជាមួយគ្នា ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងអនុវត្តតាមអនុក្រឹតរបស់រាជរដ្ឋាភិបាល ព្រមទាំងប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន។
លោកប្រធាន ថោង ខុន និងលោកអភិបាលខេត្តកំពង់ធំក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអភិរក្សការពារធនធាននៅតំបន់បឹងទន្លេសាប ពិសេសគឺព្រៃលិចទឹកនៅតំបន់ជុំវិញបឹងទន្លេសាប និងពពួកមច្ឆជាតិ ដាច់ខាតមិនត្រូវកាប់ទន្ទ្រានព្រៃលិចទឹក ព្រៃរនាម និងប្រព្រឹត្តអំពើនេសាទខុសច្បាប់នោះឡើយ។
លើសពីនេះ លោក ថោង ខុន និងរដ្ឋបាលខេត្តក៏នឹងសហការក្នុងការកសាងនិងជួសជុលផ្លូវធ្វើដំណើរជូនប្រជាពលរដ្ឋនៅភូមិគោកត្របែកនេះបន្តទៅទៀត។
បើតាមការបញ្ជាក់របស់លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បច្ចុប្បន្ន ភូមិនេះមានប្រជាពលរដ្ឋរស់នៅប្រមាណជាង៣០០គ្រួសារ ខណៈភាគច្រើននៅតាំងពីក្រោយថ្ងៃរំដោះ៧មករា ដោយសារតែតម្រូវការជីវភាពប្រចាំថ្ងៃ។ ក្រៅពីរបរនេសាទ ប្រជាពលរដ្ឋនៅភូមិគោក្របែកក៏ខិតខំធ្វើស្រែស្រូវផងដែរ៕