(សេអ៊ូល)៖ អ្នកវិភាគនយោបាយកំពូលរបស់កូរ៉េខាងត្បូង បានបង្ហាញក្តីព្រួយបារម្ភជាខ្លាំង និង កំពុងតែតាមដានយ៉ាងដិតដល់ផងដែរ ចំពោះការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ដែលអាចកើតឡើងក្នុង ពេលឆាប់ៗនេះនៅប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១៦។
រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងលោក Hong Yong-Pyo បាននិយាយ នៅក្នុងកិច្ចប្រជុំ មួយនាទីក្រុងសេអ៊ូលថា ប្រទេសកូរ៉េខាងជើងបានធ្វើតេស្តអាវុធនុយក្លេអ៊ែរជាលើកទី០៤ កាលពីថ្ងៃទី០៦ ខែមករា កន្លងទីនេះ ហើយវាប្រាកដណាស់ថាការធ្វើតេស្តជាលើកទី០៥ នឹងអាចកើតឡើងក្នុងពេលឆាប់ៗខាងមុខ។
ហេតុដូច្នេះទើបប្រទេសកូរ៉េខាងត្បូង បានប្រុងជើងការទុករួចស្រេចដើម្បី ដោះស្រាយហេតុការណ៍ បន្ទាន់ប្រសិនបើមានរឿងដូចខាងលើនេះកើតឡើងមែន ហើយខ្លួនក៏បានចាប់ដៃគូជាស្រេចជាមួយ អាមេរិក និង ជប៉ុនដើម្បីទប់ទល់ទៅនឹងការបង្កហេតុដោយកូរ៉េខាងជើងនោះដែរ។
គួរបញ្ជាក់ថា ការវិភាគខាងលើនេះ បានកើតឡើងក្រោយពីផ្កាយរណបអាមេរិក និង កូរ៉េខាងត្បូងបានចាប់រូបភាពមួយចំនួន ស្តីពីសកម្មភាពមិនប្រក្រតីនៅតំបន់ Punggye-ri ដែលកូរ៉េខាងជើងតែប្រើប្រាស់ជាកន្លែង ធ្វើតេស្តអាវុធធំៗកន្លងមក៕