(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានសួនដើមឈើមួយកន្លែង ដែលមានទីតាំងនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ពីលោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) ភរិយារបស់លោក កូជិ កាន់ហ្សាគិ (KOJI KANZAKI) ជនជាតិជប៉ុន។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) និងលោក ហុក ហូរលីម នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ ជាអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការប្រគល់ និងទទួលសួនដើមឈើនេះ ដោយលោក ឃួង ស្រេង ធ្វើជាសាក្សី។

បើតាមការឲ្យដឹងពីសាច់ញាតិរបស់លោក កូជិ កាន់ហ្សាគិ (KOII KANZAKI) គឺលោក កូជិ កាន់ហ្សាគិ (KOII KANZAKI) ស្រឡាញ់កម្ពុជា ហើយក៏ស្រឡាញ់ធម្មជាតិដែរ ដោយកម្ពុជាជាប្រទេសសំបូរព្រៃឈើ ហើយលោកមិនចង់ឲ្យភ្នំពេញបាត់បងដើមឈើ ពោលគឺចង់ឲ្យមានសួនច្បារ ដែលអ្នកនៅទីក្រុងអាចមកលេងបាន ទើបលោកខិតខំបង្កើតសួននេះឡើង និងប្រគល់ជូនដល់សាលារាជធានីភ្នំពេញ ជាអ្នកគ្រប់គ្រង។

ក្នុងពិធីនេះ ក៏មានការស្មឹងស្មាធ ១នាទី ដើម្បីគោរពវិញ្ញាណក្ខន្ធ លោក កូជិ កាន់ហ្សាគិ (KOII KANZAKI) ដែលម្ចាស់ដីនេះ និងជាស្វាមីរបស់លោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) ផងដែរ៕