(សៀមរាប)៖ បេក្ខភាពចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជា ក្នុងក្រុងសៀមរាប បានប្តេជ្ញាបង្កើនសមិទ្ធផលថ្មីៗ និងពន្លឿនរាល់កិច្ចការដែលរាំងស្ទះក្នុងអាណត្តិចាស់ ប្រសិនបើពួកគាត់ទទួលបានការគាំទ្រពីប្រជាពលរដ្ឋក្នុងអាណត្តិថ្មី។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ លោក សាម ឡន ចៅសង្កាត់សាលាកំរើក ដែលបានជាប់ជាចៅចៅសង្កាត់រយៈពេល៤អាណត្តិមកហើយ បានលើកឡើងថា នៅក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សា សង្កាត់ បានលើកនូវគោលដៅសំខាន់ៗមួយចំនួន ដើម្បីអភិវឌ្ឍសង្កាត់ឱ្យមានការរីកចម្រើនទៅមុខជាបន្តបន្ទាប់ ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប្រព័ន្ធលូ ប្រឡាយ និងស្នើសុំភ្លើងបំភ្លឺផ្លូវ បន្ទាប់ពីមានផ្លូវដ៏ស្រស់ស្អាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
លោកបានបន្តថា ចំណែកសេវាសង្គម ក៏ស្ថិតក្នុងគោលការណ៍សំខាន់សម្រាប់ការងាររបស់លោក ក្នុងនាមជាចៅសង្កាត់ផងដែរ ដោយផ្តោតទៅលើការអប់រំ សុខាភិបាល និងសង្គមកិច្ច។ ការងារអប់រំពង្រឹងមត្តេយ្យសហគមន៍នៅក្នុងសង្កាត់ ឲ្យមានការចូលរួមពីប្រជាពលរដ្ឋឲ្យបានល្អ និងរៀបចំការបង្រៀននៅក្នុងមត្តេយ្យសហគមន៍ឲ្យកាន់តែប្រសើរឡើង។ រីឯការងារសុខាភិបាល គឺជំរុញការអប់រំប្រជាពលរដ្ឋឲ្យមានវិធានការការពារ «៣កុំ ៣ការពារ» ដើម្បីរក្សាបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងអប់រំប្រជាពលរដ្ឋឲ្យទទួលនូវការចាក់វ៉ាក់សាំង ដែលរាជរដ្ឋាភិបាលបានកំពុងអនុវត្តន៍ ថែមទាំងជម្រុញឲ្យប្រជាពលរដ្ឋ ទៅទទួលនូវការចាក់វ៉ាក់សាំង តាមការកណត់របស់ក្រសួងសុខាភិបាល។
លើសពីនេះទៀត គឺនឹងធ្វើការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋក្នុងសង្កាត់ ឲ្យមានការការពារផ្នែកសុខភាពទាំងជំងឺឆ្លងផ្សេងៗដូចជា ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ដែលជាជំងឺឱកាសនិយមនារដូវវស្សា និងត្រូវបរិភោគប្រកបដោយអនាម័យ ហើយបន្លែដែលបានទិញមកពីផ្សារត្រូលាងសម្អាតឲ្យបានល្អ។
លោក សាម ឡន ចៅសង្កាត់សាលាកំរើករៀបរាប់ទៀតថា សង្កាត់ក៏នឹងរៀបចំសណ្តាប់ធ្នាប់ការលក់របស់ប្រជាពលរដ្ឋឲ្យបានរៀបរយ បន្ទាប់ពីទទួលបានផ្លូវដ៏ស្រស់ស្អាតចំនួន៣៨ខ្សែពីរាជរដ្ឋាភិបាល និងអប់រំប្រជាពលរដ្ឋ កុំឲ្យដាក់លក់នៅតាមដីចំណីផ្លូវ និងណែនាំប្រជាពលរដ្ឋឲ្យវេចខ្ចប់ ទុកដាក់សំរាមឲ្យបានល្អ ដើម្បីជៀសវាងការចោលសំរាមពាសវាលពាសកាលនៅតាមទីសាធារណ។
ចំពោះផ្នែកសង្គមកិច្ចវិញ លោក សាម ឡន បានលើកឡើងថា សង្កាត់នៅតែគាំពារគ្រួសារក្រីក្រ ដោយក្រុមការងារបានចុះទៅសម្ភាសប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដើម្បីស្នើប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋ និងមានការយកចិត្តទុកដាក់លើគ្រួសារ ដែលមានជីវភាពខ្វះខាតដូចជា ជនពិការ ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយ ដែលមានកូនច្រើន ថែមទាំងបានសហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីផ្តល់ជាចំណេះដឹង បណ្តុះបណ្តាល ស្បៀងអាហារ សម្រាប់ពួកគាត់ដើម្បីឲ្យគាត់បានទទួលនូវអាហាររូបត្ថម្ភឲ្យបានគ្រប់គ្រាន់។ ទន្ទឹមនឹងនោះទៀត ក៏បានផ្តល់នូវថវិកាដែលរាជរដ្ឋាភិបាលបានកំណត់ក្នុងគោលការផ្តលសាច់ប្រាក់ដល់ស្រ្តីក្រីក្រ ដែលមានផ្ទៃពោះត្រូវទទួលថវិកាពីដែលរាជរដ្ឋាភិបាលរយៈពេលពីរឆ្នាំ ដែលមានចំនួន៧៦ម៉ឺនរៀល ក្នុងរយៈពេលគាត់មានផ្ទៃពោះរហូតដលកូនមានអាយុក្រោមពីរឆ្នាំ និងទទួលថវិកាតាមការកំណត់របស់ក្រសួងសុខភិបាល។
ចំណែកលោក ឈ្លឿន ឡា ចៅសង្កាត់សំបួរ ក្រុងសៀមរាប ដែលបានជាប់ជាចៅសង្កាត់រយៈពេល៤អាណត្តិមកហើយនោះ ក៏បានលើកឡើងមិនខុសពីលោក សាម ឡន ដែរ ដោយអះអាងថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឈប់ឲ្យធ្វើផ្លូវដីស ឬក៏ដីក្រហម គឺធ្វើផ្លូបេតុង និងផ្លូវកៅស៊ូ ដើម្បីអភិវឌ្ឍន៍បន្តទៅមុខទៀត។ ប្រសិនបើគណបក្សប្រជាជនកម្ពុជាជាប់ឆ្នោត លោកនឹងរកថវិកាពីសប្បុរសជនមកធ្វើបន្ថែមទៀត ដើម្បីសម្រួលដល់ការដំណើរ និងងាយក្នុងការប្រកបមុខរបរផ្សេងៗនៅតាមដងផ្លូវនោះផងដែរ។
លោកចៅសង្កាត់បន្ថែមថា ចំពោះសេវាសន្តិសុខសណ្តាប់ធ្នាប់សង្កាត់នឹងពង្រឹងនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងធ្វើយ៉ាងណានៅក្នុងសង្កាត់ មានសុវត្ថិភាពល្អ គ្មានការលួចឆក់ និងទប់ស្កាត់នូការជួញដូរគ្រឿងញៀន ការប្រើប្រាស់គ្រឿងញៀន បង្រ្កាបនូវបទល្មើសផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋាន ថែមទាំងពង្រឹងប្រជាការពារនៅតាមភូមិ ឲ្យចូលរួមសហការជាមួយប៉ុស្តិ៍រដ្ឋបាល ដើម្បីពង្រឹងលើការងារសន្តិសុខនៅតាមមូលដ្ឋាននីមួយៗ។ ទាក់ទងនឹងការងាររដ្ឋបាល ការផ្តល់សេវាសាធារណៈ លោកចៅសង្កាត់ក៏បេ្ដជ្ញាថា នឹងបង្កើនឲ្យមានភាពរហ័ស មានតម្លាភាព និងមានគុណតម្លៃ ក្នុងការប្រើប្រាស់សេវារបស់សង្កាត់បានល្អផងដែរ។
ជាមួយនេះដែរ លោកចៅសង្កាត់បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសតទៅមុខ ប្រកបដោយស្ថេរភាព សុវត្ថិភាព និងសន្តិភាពផងដែរ៕