(ក្រចេះ)៖ លោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តក្រចេះ និងអាជ្ញាធរស្រុកចិត្របុរី នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋចំនួន ១៦៨គ្រួសារ ស្មើនឹង ២៣៨ក្បាលដី ក្នុងភូមិច្រវ៉ា ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្នុងឱកាសនោះលោកបណ្ឌិត កៅ ម៉ាឌីឡែន បានថ្លែងថា ប័ណ្ណនេះគឺមានតម្លៃណាស់សម្រាប់ប្រជាពលរដ្ឋ និងស្នើឲ្យថែរក្សាប័ណ្ណនេះឱ្យបានល្អ។

លោកបណ្ឌិត បានបន្តថា កម្ពុជាបច្ចុប្បន្ននេះគឺមានសន្តិភាពយ៉ាងពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបាននាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេស ហើយប្រទេសកម្ពុជាជាង៥០០ឆ្នាំមកហើយ មិនមានសន្តិភាពដូចបច្ចុប្បន្ននេះទេ។

លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខ្ពស់អំពីសុខភាពរបស់កុមារតូចៗ កុំឲ្យមានកើតជំងឺគ្រុនឈាម និងគ្រុនឈីក គឺត្រូវធ្វើអនាម័យនៅជុំវិញលំនៅដ្ឋាន បំបាត់ទីជម្រកមូសខ្លា ព្រោះរដូវនេះជារដូវភ្លៀងធ្លាក់ ហើយរួសរាន់លើការងារបង្កបង្កើនផលធ្វើស្រែចម្ការឲ្យទាន់រដូវ និងដាំដុះដំណាំរួមផំ្ស ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀតផង៕