(កែប)៖ លោកវេជ្ជបណ្ឌិត អ៉ឹង ភីរុន រដ្ឋលេខាធិការតំណាងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២២ នៅសាលាខេត្តកែប។

ពិធីនេះធ្វើឡើងដោយចូលរួមពីសំណាក់ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍, លោក ម៉ែន សុធី ប្រធានមន្ទីរសុខាភិបាលខេត្តកែប, លោកស្រីវេជ្ជបណ្ឌិត Nargiza khodjaeva តំណាង លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ប្រតិភូអមដំណើរ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងអ្នកលក់ អ្នកជក់បារី និងអ្នកពាក់ព័ន្ធ ជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត អ៉ឹង ភីរុន បានថ្លែងថា នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ ដើមឈើចំនួន ៦០០លានដើម ត្រូវបានកាប់ដើម្បីផលិតបារី ហើយដើមឈើប្រហែល ១ដើម ផលិតបារី បានប្រមាណ ១៥កញ្ចប់ រីឯការផលិតការដឹកជញ្ជូនទៅរោងចក្រ ធ្វើឲ្យបំពុលខ្យល់ និងបង្កជំងឺផ្លូវដង្ហើម។

លោកបន្តថា ក្នុងនោះកន្ទុយបារីចំនួន ៤.៥ពាន់ពាន់លាន ត្រូវបានបោះចោល ដែលបំពុលភាវរស់ក្នុង ដីនិងទឹក ដូចជាត្រីផ្ទុកសារជាតិគីមីពុល ដែលនាំឲ្យមានជំងឺដល់មនុស្សដែលបរិភោគវា និងជំងឺផ្សេងៗចេញពី ការបរិភោគទឹកមានសារធាតុថ្នាំជក់។ បារី ១ដើម អាចមានឧស្ម័នកាបូនីករហូតដល់ ១៤ក្រាម និងប្រើប្រាស់ទឹកប្រហែល ៣.៧លីត្រ សម្រាប់ផលិតវា។ ពេញមួយវដ្ដជីវិតរបស់បារី (ពីការលូតលាស់រហូតដល់ការបោះចោល) ថ្នាំជក់បំភាយបញ្ចេញកាបូនអុកស៉ីត ជាង ៨០លានតោនជារៀងរាល់ឆ្នាំ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល បន្តថា ដោយការអនុវត្តន៍បានល្អលើការដាក់ចេញច្បាប់ហាមឃាត់ និងវិធានការផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា ពីគ្រោះថ្នាក់នៃផលិតផលថ្នាំជក់ ដល់ប្រជាជន នៅក្នុងឆ្នាំ២០២១ អង្គការសុខភាពពិភពលោក បានផ្ដល់ពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់ចំនួន២ ជូន ព្រះរាជាណាចក្រកម្ពុជា ដែលបានបង្ហាញពីភាពឈានមុខក្នុងតំបន់ក្នុងការអនុវត្តការងារត្រួតពិនិត្យផលិតផលថ្នាំជក់។ នៅឆ្នាំ២០២២ នេះ អង្គការសុខភាពពិភពលោក បានជូនពានរង្វាន់ចំនួន១ទៀត ដល់ក្រសួងទេសចរណ៍ ដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យទេសចរណ៍គ្មានផ្សែងបារី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកក៏បានអំពាវនាវ ដល់សាធារណជនគ្រប់រូប ដែលកំពុងប្រើប្រាស់ផលិតផលថ្នាំជក់ លះបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ និងអ្នកដែលមិនទាន់ចាប់ផ្ដើមប្រើប្រាស់ផលិតផលថ្នាំជក់ ជៀសវាងពីការប្រើប្រាស់ផលិតផលថ្នាំជក់ ដើម្បីសុខភាពនិងសង្គ្រោះភពផែនដីរបស់យើង។ លោកបានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមអភិវឌ្ឍន៍ និងជំរុញការអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ឱ្យមានប្រសិទ្ធភាព ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។

លោក សោម ពិសិដ្ឋ បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខេត្តកែបបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការពង្រឹងពាក់ព័ន្ធវិស័យសុខាភិបាល ហើយចំពោះខេត្តកែប មានមោទនភាពក្នុងការទទួលបានជោគជ័យក្នុងការទប់ស្កាត់ការប្រើប្រាស់ថ្នាំជក់។ ខេត្តកែប ដែលកន្លងមក មានសកម្មភាពឈានមុខក្នុងការអនុវត្តការងារត្រួតពិនិត្យថ្នាំជក់ ដោយបានពិភាក្សាគ្នា និងរិះរកវិធានការបន្ថែមទៀត ដើម្បីបង្កើនការផ្សព្វផ្សាយច្បាប់ និងការអប់រំឲ្យបានទូលំទូលាយអំពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់ និងឈានឆ្ពោះទៅរកទីក្រុងគ្មានផ្សែងបារី។

លោកបន្ថែមថា ដូច្នេះជាកិច្ចការបន្តរបស់សមាជិកសមាជិកានៃអនុគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលមានតួនាទីជំរុញការអប់រំ ការអនុវត្តច្បាប់ និងជួយគាំទ្រក្នុងការបង្កើតច្បាប់និងលិខិតបទដ្ឋានគតិយុត្តថ្មីមួយទៀត ដើម្បីពង្រឹងនិងអនុវត្តការងារត្រួតពិនិត្យផលិតផលថ្នាំជក់នៅក្នុងខេត្តកែប ប្រកបដោយប្រសិទ្ធភាពខ្ពស់ព្រមទាំងជំរុញគ្រប់ភាគីពាក់ព័ន្ធថ្នាក់ខេត្ត ក្រុង ស្រុក ជួយក្នុងការពង្រឹងការអប់រំផ្សព្វផ្សាយ តាមដានការអនុវត្តច្បាប់ ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ឱ្យបានជោគជ័យបន្តទៀត។

លោកអភិបាលខេត្តកែប ក៏បានសំណូមពរដល់អស់លោក លោកស្រី ជាពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពពាក់ព័ន្ធ និងសិស្សានុសិស្សក្នុងខេត្តកែបទាំងអស់ មេត្តារួមគ្នាជំរុញការងារត្រួតពិនិត្យថ្នាំជក់ឱ្យបានទូលំទូលាយ ជាពិសេសមិនជក់បារីនៅទីកន្លែងធ្វើការ ឬទីកន្លែងសាធារណៈហាមឃាត់ មិនលក់បារីគ្មានសារព្រមានសុខភាព មិនផ្សព្វផ្សាយពាណិជ្ជកម្មឲ្យឧស្សាហកម្មថ្នាំជក់ មិនទទួលការឧបត្ថម្ភពីឧស្សាហកម្មថ្នាំជក់ ដើម្បីឆ្ពោះទៅខេត្តកែប ជាខេត្តគ្មានផ្សែងបារីដ៏ដ្រស់ស្អាត និងប្រជាជនគ្រប់រូបមានសុខភាពល្អពេញមួយជីវិត៕