(កំពត)៖ អគ្គនាយកដ្ឋានពន្ធដារ ត្រៀមចុះផ្តល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ នៅខេត្តកំពត ចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២តទៅ។

ការកំណត់ពេលវេលាក្នុងការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ នៅខេត្តកំពត ធ្វើឡើងក្នុងជំនួបរវាងអគ្គនាយកដ្ឋានពន្ធដារ និងរដ្ឋបាលខេត្តកំពត នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

បណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងពីអត្ថប្រយោជន៍សំខាន់ៗទាំង០៦ នៃការចុះអង្កេតអចលនទ្រព្យនេះរួមមាន៖

១៖ ការរៀបចំគោលនយោបាយសារពើពន្ធប្រកបដោយភាពច្បាស់លាស់
២៖ មូលដ្ឋានត្រឹមត្រូវជាក់លាក់ក្នុងការរៀបចំផែនការថវិកាប្រចាំឆ្នាំឲ្យសមស្រប
៣៖ ការធ្វើទំនើបកម្មក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ
៤៖ ទិន្នន័យជាមូលដ្ឋានច្បាស់លាស់ ក្នុងការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធពាក់ព័ន្ធដទៃទៀត
៥៖ ទិន្នន័យសម្រាប់ការវិភាគ និងរៀបចំរបាយការណ៍
និង៦៖ ផ្តល់ភាពងាយស្រួល ដល់ការគ្រប់គ្រងនិងផ្តល់សេវាជូនអ្នកជាប់ពន្ធបានល្អ។

គោលបំណង និងនីតិវិធីនៃការចុះផ្តល់សេវាពន្ធដារ លើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ ដើម្បីប្រមូលផ្តុំទិន្នន័យ អត្តសញ្ញាណម្ចាស់អចលនទ្រព្យ ព័ត៌មានអចលនទ្រព្យរូបថតទីតាំងនិយាមកា និងព័ត៌មានចាំបាច់ផ្សេងទៀត សម្រាប់ធ្វើបច្ចុប្បន្នភាព និងជំរុញការចុះបញ្ជីពន្ធដារឲ្យបានត្រឹមត្រូវ និងច្បាស់លាស់នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យ និងប្រថាប់ត្រារបស់អគ្គនាយកដ្ឋានពន្ធដារ។

ការចុះអង្កេតអចលនទ្រព្យ មានសារៈសំខាន់ណាស់ ក្នុងការប្រមូលព័ត៌មានសម្រាប់ធ្វើទំនើបកម្ម ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ តាមរយៈការបង់ពន្ធនៅតាមធនាគារជាដៃគូ ដែលបានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ ដោយគ្រាន់តែប្រើប្រាស់ប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ ក្រោយពីបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ ព្រមទាំងការបង់ពន្ធតាមប្រព័ន្ធអនឡាញ (GDT Taxpayer Application)។

គួររំលឹកផងដែរថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារ បានបញ្ចប់ជាស្ថាពរក្នុងការចុះផ្តល់សេវាពន្ធដារ ជូនម្ចាស់អចលន ទ្រព្យនៅខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត មួយចំនួនរួមមាន ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងបច្ចុប្បន្នក្រុមការងារអង្កេតអចលនទ្រព្យ កំពុងចុះអនុវត្តការងារនៅខេត្តសៀមរាប។

ក្រុមការងារអង្កេតអចលនទ្រព្យគ្រោងនឹងចាប់ផ្តើមចុះអនុវត្តការងារនៅសង្កាត់ទាំង៥ នៃក្រុងកំពត ខេត្តកំពត ចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះតទៅ៕