(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ប្រាប់បណ្តាញព័ត៌មាន Fresh News ថាគិត ត្រឹមល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ដែលមានរយៈពេល១១ថ្ងៃ នៃការឃោសនា បោះឆ្នោត គណៈកម្មការឃុំសង្កាត់ រៀបចំការបោះឆ្នោតទូទាំងប្រទេស បានទទួលពាក្យបណ្តឹងកើនឡើងចំនួន ៤៥ករណី ក្នុងចំណោមនោះភាគច្រើនជាបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលប្តឹងគណបក្សភ្លើងទៀន ដោយសារប្រើពាក្យប្រមាថ និងមើលងាយ។
ជាមួយគ្នានេះដែរ លោក ហង្ស ពុទ្ធា បានឱ្យដឹងថា សម្រាប់បណ្តឹងទាំង៤៥បណ្តឹងនេះ ភាគច្រើននៅរាជធានីភ្នំពេញ មានចំនួន១១បណ្តឹង, ប៉ៃលិន មាន៨បណ្តឹង, ខេត្តកំពង់ស្ពឺ មាន៦បណ្តឹង និងខេត្តត្បូងឃ្មុំ ចំនួន៥បណ្តឹង។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ក្នុងចំណោមបណ្តឹងទាំង ៤៥បណ្តឹង គឺនៅសល់ប្រមាណ ១៣បណ្តឹងប៉ុណ្ណោះ ដែលបានប្តឹងបន្តមកគណៈកម្មការរៀបចំបោះឆ្នោតរាជធានី-ខេត្ត។
លោក ហង្ស ពុទ្ធា បានបន្តថា គ.ជ.ប លើកទឹកចិត្តដល់ភាគីពាក់ព័ន្ធ ដែលប្រឈមមុខគ្នា សូមធ្វើពាក្យបណ្តឹងមក គ.ជ.ប ធ្វើការស៊ើបអង្កេត ដើម្បីដោះស្រាយទៅតាមអង្គហេតុ និងអង្គច្បាប់។
បន្ថែមពីនេះ អ្នកនាំពាក្យ គ.ជ.ប បានអះអាងថា បើទោះបីជាមានបណ្តឹងកើនឡើងរហូត៤៥បណ្តឹងក្តី វាមិនអាចប៉ះពាល់ដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នោះទេ។ ខណៈបណ្តឹងទាំង៤៥នេះ ជាបណ្តឹងតាមបែបសីលធម៌ និងបណ្តឹងត្រូវពិចារណាលើការដាក់ពិន័យ ឬមិនដាក់ពិន័យជាដើម។
លោក ហង្ស ពុទ្ធា បានគូសបញ្ជាក់ថា សម្រាប់ដំណើរទូទៅនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ គឺបានប្រព្រឹត្តធ្វើឡើងដោយមានសន្តិសុខល្អ មានសណ្តាប់ របៀបរៀបរយល្អ និងគ្មានការគំរាមកំហែងណានោះទេ។
សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការឃោសនាបោះឆ្នោតមានរយៈពេល១៤ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ដោយក្នុងនោះមានការគណបក្សនយោបាយចំនួន១៧ បាននឹងកំពុងធ្វើសកម្មភាពឃោសនាគោលនយោបាយបក្ស ចែកខិត្តប័ណ្ណ និងមានការជួបជុំសកម្មជនអ្នកគាំទ្ររបស់ខ្លួនរៀងៗខ្លួន នៅតាមមូលដ្ឋានដែលខ្លួនបានដាក់បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់៕